បាត់ដំបង÷ប្រជាពលរដ្ឋរស់នៅភូមិផងរបងជាមួយកន្លែងកើតហេតុម្នាក់ៗភ័យស្ទើរព្រលឹងរត់ចោលសំបកខ្លួនខណះមានសម្លេងកាំជ្រូចរាប់រយដើមផ្ទុះឡើងយ៉ាងកក្រើកបង្កអោយមានអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងរួមនិងទ្រព្យសម្បត្តិមួយចំនួនទាំងស្រុងមិនអាចសង្គ្រោះបាន។សមត្ថកិច្ចបានអោយដឹងថាហេតុការនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២០វេលាម៉ោង១៦:១០នាទីស្ថិតនៅក្នុងក្រុមទី០៥ភូមិកំពង់គល់ឃុំចែងមានជ័យស្រុកបាណន់ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថាហេតុការខាងលើនេះបានបណ្តាលឲ្យឆេះផ្ទះ០១ខ្នងដែលមានទំហំ៩មx៦ម(ឆេះទាំងស្រុង)ធ្វើអំពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងក្តាជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះអូន.វិទូភេទប្រុសអាយុ២២ឆ្នាំស្នាក់នៅទីកន្លែងកើតហេតុខាងលើ។ចំណែកសម្ភារ:ក្នុងផ្ទះមួយចំនួនក៏ត្រូវបានខូចខាតប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។សមត្ថកិច្ចបន្តថាមុនកើតហេតុម្ចាស់ផ្ទះបានផ្សាដែកខណះនោះកំទេចភ្លើងបានខ្ទាតទៅលើកាំជ្រូចក៏បណ្តាលអោយឆេះកាំជ្រួចដែលម្ចាស់ផ្ទះទុកសម្រាប់បាញ់ពេលដុតសពសរុបអស់ចំនួន៧០០ដើមតែម្តង។
សមត្ថកិច្ចបន្តថាក្នុងហេតុការខាងលើសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍នោះទេដោយសាតែពេលទទួលដំណឹងមានការយឺតពេលទៅហើយ។ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុទៅលើទំហំនៃការខូចខាតដែលសរុបជាទឹកប្រាក់ចំនួន១២.០០០ដុល្លារអាមេរិក៕សៅ សារិទ្ធ