បាត់ដំបង÷ដោយសាតែស្ថានភាពជម្ងឺកូវីដ១៩បានឆ្លងរីករាលដាលលើពិភពលោកធ្ងន់ធ្ងរក្នុងនោះក៏មានកម្ពុជាផងបានបង្ខំអោយពលរដ្ឋកម្ពុជាខកខានប្រារព្វបុណ្យចូលឆ្នាំដែលជាបុណ្យប្រពៃណីជាតិ។ការខកខាននេះតាមរយះការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់ប្រជាលរដ្ឋខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលទើបរាជរដ្ឋាភិបាលបង្ខំចិត្តដាក់ចេញនូវសេចក្តីជូនដំណឹងជាបន្ទាន់មួយស្តីពីការផ្អាកនូវពិធីបុណ្យចូលឆ្នាំមួយរយះ។ថ្ងៃសម្រាកនៅក្នុងបុណ្យប្រពៃណីជាតិកន្លងទៅត្រូវបានប្រមុខរាជរដ្ឋាភិបាលសងជំនួសវិញក្នុងរយៈពេល០៥ថ្ងៃដោយចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការស៊ីវិលបុគ្គលិកកម្មករនិងបងប្អូនប្រជាលរដ្ឋទូទាំងប្រទេសបាននាំគ្នាឈប់សម្រាកនឹងធ្វើដំណើរទៅស្រុកកំណើតដើរលេងកម្សាន្តនិងទៅកាន់តំបន់ទេសចរណ៍នានានៅតាមបណ្តាខេត្តនិងនៅតាមតំបន់រមណីយដ្ឋានមួយចំនួនផ្សេងទៀតក្នុងស្រុក។
ពាក់ព័ន្ធនឹងថ្ងៃឈប់សម្រាកខាងលើនេះសម្រាប់ខេត្តបាត់ដំបងបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបានបង្ហាញអោយដឹងថា÷ភ្ញៀវទេសចរដែលបានចូលមកកម្សាន្តលេងនិងស្នាក់អាស្រ័យនៅក្នុងខេត្តបាត់ដំបងរយៈពេល០២ថ្ងៃគិតត្រឹមថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០២០មានភ្ញៀវទេសចរជាតិនឹងអន្តរជាតិសរុប៤១.៤១៤នាក់ក្នុងនោះចំនួនភ្ញៀវបរទេសក្នុងស្រុកចំនួន៣០០នាក់ផងដែរ។នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា÷នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ដែលជាថ្ងៃទី១មានចំនួនភ្ញៀវទេសចរសរុប១៤.៦២៧នាក់ក្នុងនោះចំនួនភ្ញៀវទេសចរជាតិសរុប១៤.៥២៧នាក់និងចំនួនភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)១០០នាក់។ចំណែកនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ដែលជាថ្ងៃទី២ចំនួនភ្ញៀវទេសចរសរុប២៦.៧៨៧នាក់ក្នុងនោះចំនួនភ្ញៀវទេសចរអន្តរជាតិសរុប២០០នាក់(ទេសចរផ្ទៃក្នុង)២០០នាក់។
របាយការណ៍ដដែលបន្តអោយដឹងថា៖ចំនួនភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តបាត់ដំបងរយៈពេល០២ថ្ងៃនេះភ្ញៀវជាតិនឹងអន្តរជាតិបានទៅកម្សាន្តលេងនៅតាមតំបន់រមណីយនិងគោលដៅទេសចរណ៍សំខាន់ៗនៅក្នុងខេត្តមានដូចជា៖រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបាណន់,ប្រាសាទឯកភ្នំ,រមណីយដ្ឋានភ្នំសំពៅ,រមណីយដ្ឋានកែច្នៃទំនប់អាងកំពីងពួយ,រមណីយដ្ឋានធម្មជាតិកែច្នៃចំការស្វាយ,រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន,រមណីយដ្ឋានធម្មជាតិទឹកធ្លាក់៥៣ស្រុកភ្នំព្រឹក,រមណីយដ្ឋាននគរជុំភ្នំព្រឹក,រមណីយដ្ឋានភ្នំកំពូល,រមណីយដ្ឋានចំការធុរេនអូរតង,រមណីយដ្ឋានធម្មជាតិល្អាងភ្នំប្រាំពីរ,តំបន់សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ,សួនមណ្ឌលកម្សាន្ត(ឡូរី)ជើងភ្នំបាណន់,សួនទឹកសុភមង្គល,សួនទឹកហហ្គោលឌិនហ៊ីននិងសួនផ្ទះផ្កាBegoniaជាដើម។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងដែរថា÷ម្ចាស់រមណីយដ្ឋាននិងនៅគោលដៅទេសចរណ៍ក្នុងខេត្តភាគច្រើនបានចូលរួមអនុវត្តទៅតាមគោលការណ៍និងការណែនាំរបស់រាជរដ្ឋាភិបាលនិងពីក្រសួងសុខាភិបាលដោយបានតម្រូវឲ្យបុគ្គលិកនៅតាមគោលដៅទេសចរណ៍កម្សាន្តត្រូវពាក់ម៉ាស់និងរង់ចាំវាស់កម្តៅនិងបាញ់អាល់កុលជូនភ្ញៀវនិងការរក្សានូវគម្លាតសុវត្ថិភាពផងដែរ៕សៅ សារិទ្ធ