រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាស អំពាវនាវ សូមឲ្យប្រជាពលរដ្ឋ ការពារខ្លួន ចៀសផុតពីជំងឺកូវីដ១៩ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី០៣ ខែកញ្ញាខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «នៅសល់តែបីថ្ងៃទៀតទេពិធីកាន់បិណ្ឌនឹងមកដល់។ តាមប្រពៃណីទំនៀមទម្លាប់សាសនា នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នា ជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «នៅថ្ងៃនេះ តាមរបាយការណ៍អង្គការសុខភាពពិភពលោក(WHO) ថ្ងៃនេះ គឺមានអ្នកឆ្លងសរុប 24,854,140នាក់ ស្លាប់ 838,924នាក់ និងករណីកើតថ្មីចំនួន 265,888 ករណី។ ចំណែកប្រទេសកម្ពុជាយើងវិញ មកដល់នេះ មានអ្នកឆ្លងសរុប 274នាក់ បានជាសះស្បើយចំនួន 266នាក់ នឹងមានអ្នកឆ្លងថ្មីចំនួន 01នាក់»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រីករាយជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ក្នុងឱកាសពិធីកាន់បិណ្ឌមុខនេះ និងសូមអោយការធ្វើដំណើរជិតឆ្ងាយទទួលបាននូវសុខសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា»៕