ខេត្តបាត់ដំបង៖លោកអភិបាលក្រុងបានធ្វើការបដិសេធចំពោះការបំផុសបំផុលរបស់មតិមួយចំនួនដែលថាអាជ្ញាធរខេត្តឲ្យមានការផ្លាស់ប្តូរទៅលក់នៅផ្សារផ្សេងបង្កឲ្យក្រុមអាជីវករមានការយល់ច្រឡំលើអាជ្ញាធរខេត្តដោយសារទីតាំងខាងលើត្រូវបានកំពុងធ្វើការបោសសំអាតរៀបចំអនាម័យឡើងវិញហើយកន្លែងអគ្គិភ័យឆេះខ្លាំងនឹងត្រូវធ្វើការជួសជុលកែលម្អជាថ្មីដូច្នេះអាជ្ញាធរខេត្តពុំទាន់មានគោលការណ៍ណាឲ្យអាជីវករទៅលក់ដូរនៅទីកន្លែងផ្សេងនោះទេ។ការបដិសេធរបស់អាជ្ញាធរក្រុងនេះធ្វើឡើងក្រោយពីមានអាជីវករផ្ទុះការតវ៉ាខណះដែលក្រុមអាជីវករបានលេចឮពាក្យចរចាមអារាមតៗគ្នាថាអភិបាលខេត្តមានបំណងអោយក្រុមអាជីវករដូរទីតាំងលក់ដូរ។ការផ្ទុះការតវ៉ារបស់អាជីវករនេះធ្វើអោយរដ្ឋបាលក្រុងអញ្ជើញអាជីវកររងគ្រោះទាំងអស់ចូលរួមប្រជុំពិភាក្សាគ្នាកាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០កន្លងទៅថ្មីៗនេះដើម្បីអោយអាជីវករមានទំនុកចិត្តលើអាជ្ញាធរមិនដូចមតិមួយចំនួនដើរបំផុសបំផុលនោះទេ។
ក្រុមអាជីវករបានអោយដឹងថា÷ស្របពេលនៅក្នុងកិច្ចប្រជុំនោះដែរពួកគាត់ក៏បានស្នើសុំទៅអាជ្ញាធរខេត្តបាត់ដំបងអោយជួយដោះស្រាយដល់ពួកគាត់ចំនួន០៣ចំណុចផងដែរ។ដែលចំណុចទី១ពួកគាត់ស្នើសុំអោយជួយទូទាត់សំណងដល់ពួកគាត់ដែលរងគ្រោះទាំងស្រុង,ចំណុចទី២ពួកគាត់សុំអោយពន្លឿនការជួសជុលតូបឡើងវិញអោយបានឆាប់និងចំណុចទី៣ពួកគាត់សំណូមពរដល់អាជ្ញាធរខេត្តកុំយកថ្លៃជួលតូបក្នុងរយៈពេល០៥ឆ្នាំដោយសាតែពួកគាត់ខាតបង់ថវិកាច្រើនក្នុងហេតុការអគ្គិភ័យឆាបឆេះ។ឆ្លើយតបនឹងសំណើររបស់ក្រុមអាជីវកររងគ្រោះទាំង៣ចំណុចនេះលោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងបានសន្យាថារដ្ឋបាលក្រុងនឹងបញ្ជូនសំណើរបស់អាជីវករទាំង៣ចំណុចនេះទៅរដ្ឋបាលខេត្តដើម្បីខេត្តធ្វើរបាយការណ៍បញ្ជូនបន្តទៅថ្នាក់ជាតិ។
សូមរំលឹកផងដែរថាហេតុការអគ្គិភ័យឆាបឆេះផ្សារណាត់ហៅផ្សារធំថ្មីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣០ខែសីហាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ក្នុងហេតុការនេះបានធ្វើអោយខូចខាតតូបទាំងស្រុងចំនួន៣៣តូបនិងតូប៤០ផ្សេងទៀតរងការប៉ះពាល់ហើយទំហំនៃការខូចខាតគិតជាទឹកប្រាក់សរុបប្រមាណជាង៨៣ម៉ឺនដុល្លារអាមេរិក៕សៅ សារិទ្ធ