(កណ្តាល)….. ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធី បិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល។ដែលពិធីនេះបានប្រារព្វធ្វើឡើងនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅវិទ្យាល័យជ័យវរ័្មនទី៧ ស្ថិតក្នុងភូមិដីឥដ្ធ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានអនុប្រធានមន្ទីរជំុវិញខេត្ត លោកគ្រូអ្នកគ្រូ អប់រំ យុវជន និងកីឡាខេត្តកណ្តាល ក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងគ្រប់ក្រុង-ស្រុក មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបីអង្គភាព មេឃុំ មេភូមិ ក្រុមយុវជន ប្រជាការពារភូមិ និងកីឡាករបាល់ទាត់ បាល់ទះ ទាញព្រ័ត្រ យ៉ាងច្រើនកុះករផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា គោលនយោបាយជាតិនៃការអភិវឌ្ឍអប់រំកាយ និងកីឡា ត្រូវបានប្រមុខរាជរដ្ធាភិបាលដាក់ចេញអោយអនុវត្តនិងជំរុញសកម្មភាពនេះក្នុងគោលបំណងអោយប្រជាពលរដ្ធកម្ពុជាគ្រប់រូបចូលរួមហាត់ប្រាណ និងលេងកីឡាដើម្បីពង្រឹងកាយសម្បទារបស់ខ្លួននិងអាចឈ្នះជម្ងឺដង្កាត់ទាំងឡាយផង ដូចពាក្យស្លោកថា -កីឡានាំមកនូវសុខភាព និងសេចក្តីថ្លៃថ្នូរ។បច្ចុប្បន្នខេត្តកណ្តាលមានកីឡាដែលមានសក្តានុពល ដូចជាបាល់ទាត់ បាល់បោះ អត្តពលកម្ម ទាញព្រ័ត្រ ប៉េតង់ និងទូកខ្នាតអន្តរជាតិ ត្រូវបានគណៈកម្មការកីឡាជាតិទទួលស្គាល់ និងជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ជាតំណាងជាតិ ទៅចូលរួមក្នុងការប្រកួតថ្នាក់តំបន់និងអន្តរជាតិ។ស្ថិតក្នុងផែនការរបស់រាជរដ្ធាភិបាលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាសុីហ្គេមលើកទី៣២នៅឆ្នាំ២០២៣ខាងមុខនេះ ដែលជាកិត្តិយសនិងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជាក្នុងសម័យតេជោ។ហេតុដូច្នេះគ្រប់ក្រុង-ស្រុកទូទាំងខេត្ត ត្រូវជំរុញវិស័យកីឡា ដើម្បីជ្រើសរើសកីឡាករឆ្នើមក្នុងជួរយុវជនបញ្ជូនទៅគណៈកម្មការជាតិអោយចូលរួមហ្វឹកហាត់ត្រៀមប្រកួតក្នុងព្រឹត្តការណ៍ដ៍សំខាន់នេះ។ទាំងនេះដោយសារគុណសន្តិភាព បើគ្មានសន្តិភាពទេយើងក៍មិនមានថ្ងៃនេះដែរ។ការប្រកួតនេះគឺស្ថិតក្នុងបរិបទកូវីដ-១៩ដែលទាមទារអោយមានការប្រុងប្រយ័ត្នខ្ពស់ផងដែរដោយមានបាញ់សម្លាប់មេរោគលើទីលាន ការពិនិត្យកំដៅ ការលាងដៃនឹងសាប៊ូឫអាកុល ជែលយ៉ាងត្រឹមត្រូវ ខណៈដែលជម្ងឺនេះកំពុងរាតល្បាតលើពិភពលោក កំពុងគំរាមកំហែងដល់របៀបរស់នៅប្រចាំថ្ងៃ ទំនៀមទំលាប់ ជីវភាព អាយុជីវិត សេដ្ធកិច្ច និងសង្គមទាំងមូល។ឯកឧត្តម អភិបាលខេត្ត សូមអោយក្មួយៗកូនៗប្រជាពលរដ្ធទាំងអស់ត្រូវអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតយើងគ្រប់គ្នា។ យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតមាន៣វិញ្ញាសារគឺ ផ្នែកកីឡាបាល់ទាត់ បុរសមានចំនួន១២ក្រុម ស្មើនឹង២៤០នាក់ នារីចំនួន៦ក្រុម ស្មើនឹង១២០នាក់។ផ្នែកកីឡាបាល់ទះ បុរសចំនួន៦ក្រុម ស្មើនឹង៧២នាក់ នារី៥ក្រុម ស្មើនឹង៦០នាក់។ផ្នែកកីឡាទាញព្រ័ត្រ បុរសចំនួន៦ក្រុម ស្មើនឹង៦០នាក់ នារីចំនួន៦ក្រុម ស្មើនឹង៦០នាក់។កម្មវិធីប្រកួតជាផ្លូវការប្រព្រឹត្តទៅរយ:ពេលប្រាំពីរថ្ងៃ គឺចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។ជាលទ្ធផលនៃការប្រកួត ដោយផ្នែកកីឡាទាញព្រ័ត្រនារី: ចំណាត់លេខ១.បានទៅក្លឹបកីឡា”រួមចិត្តតែមួយ១”,ចំណាត់ថ្នាក់លេខ២.បានទៅក្លឹបកីឡា”ភូមិព្រែកហូរកើត”,ចំណាត់ថ្នាក់លេខ៣.បានទៅក្លឹបកីឡា”រួមចិត្តតែមួយ២”។ផ្នែកកីឡាទាញព្រ័ត្របុរស: ចំណាត់ថ្នាក់លេខ១.បានទៅក្លឹបកីឡា”ភូមិព្រែកហូរកើត១”,ចំណាត់ថ្នាក់លេខ២.បានទៅក្លឹបកីឡា”ភូមិព្រែកហូរកើត២”,ចំណាត់ថ្នាក់លេខ៣.បានទៅក្លឹបកីឡា”យុវជនU18″។ផ្នែកកីឡាបាល់ទះនារី: ចំណាត់ថ្នា់លេខ១.បានទៅក្លបកីឡា”រួមចិត្តតែមួយ”,ចំណាត់ថ្នាក់លេខ២.បានទៅក្លឹបកីឡា”វិ.ព្រែកស្លែង”,ចំណាត់ថ្នាក់លេខ៣.បានទៅក្លឹបកីឡា”ឃុំគោកត្រប់”។ផ្នែកកីឡាបាល់ទះបុរស: ចំណាត់ថ្នាក់លេខ១.បានទៅក្លឹបកីឡា”សម្រែកយុវជនព្រែកតាពៅ”,ចំណាត់ថ្នាក់លេខ២.បានទៅក្លឹបកីឡា”យុវជនក្រាំងយ៉ូវ” ចំណាត់ថ្នាក់លេខ៣.បានទៅក្លឹបកីឡា”យុវជនស្រុកស្អាង”។ផ្នែកកីឡាបាល់ទាត់នារី: ចំណាត់ថ្នាក់លេខ១.បានទៅក្លឹបកីឡា”NERC”,ចំណាត់ថ្នាក់លេខ២.បានទៅក្លឹបកីឡា”ស ស យ ក ស្រុកស្អាងA”,ចំណាត់ថ្នាក់លេខ៣.បានទៅក្លឹបកីឡា”ស ស យ ក ស្រុកស្អាងB”។ផ្នែកកីឡាបាល់ទាត់បុរស:ចំណាត់ថ្នាក់លេខ១.បានទៅក្លឹបកីឡា”យុវជនជ័យវរ្ម័នទី៧”,ចំណាត់ថ្នាក់លេខ២.បានទៅក្លឹបកីឡា”នគរបាលព្រហ្មទណ្ឌខេត្តកណ្តាល”,ចំណាត់ថ្នាក់លេខ៣បានទៅក្លឹបកីឡា”ស ស យ ក ស្រុកល្វាឯម”។ចំពោះចំណាត់ថ្នាក់លេខ១.ផ្នែកកីឡាបាល់ទាត់ ទទួលបានពាន១ មេដាយម្នាក់១ បាល់ទាត់១ឈុត ថវិកា២លានរៀល ក្នុងឯកឧត្តមអភិបាលខេត្តផ្តល់រង្វាន់លើកទឹកចិត្តបន្ថែមដល់ក្រុមកីឡាបាល់ទាត់យុវជនជ័យវរ្ម័នទី៧ ដែលបានឈ្នះក្លឹបកីឡានគរបាលព្រហ្មទណ្ឌខេត្តកណ្តាល ៥គ្រាប់សូន្យនូវទឹកប្រាក់ចំនួន៥០០$ដុល្លារ ស្មើនឹង១គ្រាប់១$ដុល្លារ។ចំណាច់ថ្នាក់លេខ២.ទទួលបានពាន១ មេដាយម្នាក់១ បាល់ទាត់១ឈុត ថវិកា១,៥០០,០០០រៀល។ចំណាត់ថ្នាក់លេខ៣.ទទួលបានពាន១ មេដាយ១ និងថវិកា១លានរៀល។ក្នុងនោះឯកឧត្តម អភិបាលខេត្តឧបត្ថម្ភថវិកាបន្ថែមដល់គណៈកម្មការ៧៥នាក់ ក្នុងម្នាក់ជូន៥មុឺនរៀល ,កីឡាករ កីឡាការនីទាំងអស់ ក្នុងម្នាក់៤មុឺនរៀល។យុវជនទាំងបីស្ថាប័នជូនថវិកា ក្នុងម្នាក់២មុឺនរៀល ,ប្រជាការពារភូមិម្នាក់២មុឺនរៀល លោកគ្រូអ្នកគ្រូជ័យវរ្ម័នទី៧១៤៤នាក់ ក្នុងម្នាក់៥មុឺនរៀលផងដែរ៕