ខេត្តព្រៃវែង.. ប្រជាពលរដ្ធរស់នៅភូមិចំនួន២គឺភូមិក្រសាំង និងភូមិថ្មី ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង កំពុងជួបការលំបាកក្នុងការបង្កបង្កើនផលដំណាំស្រូវចិញ្ចឹមជីវិត ដោយសារមានបុគ្គល២គ្រួសារត្រូវជាម្តាយនិងកូនបង្កើតរបស់លោក សាក់ ស៊ត់ អតីតជានាយករដ្ធបាលស្រុកមេសាង តែត្រូវដល់ពេលចូលនិវត្តន៍ បច្ចុប្បន្នមកធ្វើជាសមាជិកក្រុមប្រឹក្សាស្រុក មានទីលំនៅភូមិក្រសាំង ឃុំជីផុច បានចាក់ដីលុបប្រឡាយទឹកសាធារណៈរបស់រដ្ធរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ប្រជាពលរដ្ធជាង១០០គ្រួសារនាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្តឹងទៅអាជ្ញាធរឃុំ ស្រុក ខេត្ត រយៈពេលច្រើនឆ្នាំមកហើយស្ងាត់ឈឹងមិនមានដំណោះស្រាយសោះឡើយ។
បើតាមប្រជាពលរដ្ធទាំង២ភូមិខាងលើ បានប្រាប់អ្នកសារព៌តមាន កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០អោយដឹងថា ប្រឡាយនេះគឺជាប្រឡាយសាធារណៈរបស់រដ្ធដែលបានបន្សល់ទុកតាំងពីសម័យប៉ុល ពត មានទទឹងប្រហែល១៥ម៉ែត្រ ជម្រៅប្រហែល១ម៉ែត្រ២តិក បណ្តោយចេញពីអូសង្កែ រហូតទៅដល់ឃុំស្ពឺ”ក”ស្រុកបាភ្នំ ចម្ងាយប្រវែងប្រហែល៤-៥គីឡូដី។ប្រឡាយនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ធរាប់រយគ្រួសារ ទី១.ប្រើប្រាស់ទឹកស្រោចស្របផលដំណាំស្រូវ និងទី២.សម្រាប់រំដោះជំនន់ទឹកភ្លៀងនារដូវវស្សាបញ្ជៀសកុំអោយមានការលិចផ្ទះសម្បែងនិងខូចខាតផលដំណាំរបស់ពលរដ្ធ។មិនតែប៉ុណ្ណោះដោយសង្កេតឃើញប្រឡាយមានសភាពគោករ៉ាក់ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ធាភិបាលនៅក្នុងឆ្នាំ២០០៩អោយអាជ្ញាធរដាក់គ្រឿងចក្រស្តារប្រឡាយនេះអោយមានជម្រៅជ្រៅគោលបំណងអោយមានប្រព័ន្ធធារាសាស្ត្រសម្រាប់ពលរដ្ធយកទឹកស្រោចស្របផលដំណាំស្រូវគ្រប់គ្រាន់ និងជាលំហូររំដោះទឹកផង។លុះស្តារបានតែមួយកំណាត់ពីឃុំស្ពឺ”ក”ស្រុកបាភ្នំ មកដល់ភូមិក្រសាំង ឃុំជីផុច ស្រុកមេសាង ក៍ស្ទះនៅត្រឹមហ្នឹង ដោយសារលោក សាក់ ស៊ត់ និងក្រុមគ្រួសារហាមឃាត់មិនអោយគ្រឿងចក្រជីកបន្ត។បន្ទាប់មកក្រុមគ្រួសាររបស់លោក សាក់ ស៊ត់ ចេះតែចាក់ដីលុបប្រឡាយជិត ហើយថែមទាំងរំលោភយកដីបាទប្រឡាយធ្វើជាកម្មសិទ្ធស្ទូងស្រូវប្រវែងប្រហែលជាង២០០ម៉ែត្រទៀតផង។
បញ្ហានេះប្រជាពលរដ្ធជាង១០០គ្រួសារកើតទុក្ខមិនសុខចិត្តនាំគ្នាផ្តិតមេដៃបានចំនួន១៣៨គ្រួសារដាក់ពាក្យបណ្តឹងទៅអោយអាជ្ញាធរឃុំជួយអន្តរាគមតាំងពីឆ្នាំ២០១៨ តែលោកមេឃុំជីផុចប្រាប់ថា លោកនៅក្រោមអំណាចគេមិនហ៊ានដោះស្រាយទេ ទើបពួកគាត់ដាក់ទៅខេត្ត ហើយខេត្តក៍បានទម្លាក់អោយស្រុកដោះស្រាយជូនពលរដ្ធ។ប៉ុន្តែឃើញខាងស្រុកចុះមកមានគ្នា៣នាក់គ្រាន់តែមកមើលក៍ត្រឡប់ទៅវិញ ស្ងាត់ឈឹងរហូតមិនមានដំណោះស្រាយមកដល់សព្វថ្ងៃនេះ។
ពលរដ្ធបញ្ជាក់បន្ថែមថា សូម្បីតែលោកប្រធានភូមិក្រសាំងជំនាន់មុនចេញមុខសម្របសម្រួលជូនប្រជាពលរដ្ធ ក៍ត្រូវបានគេដកចេញពីតួនាទីដែរ ឥឡូវទាំងមេភូមិនិងអនុភូមិគឺសុទ្ធតែខ្សែស្រឡាយបងប្អូនរបស់លោក សាក់ ស៊ត់ទាំងអស់ តើអោយពលរដ្ធសង្ឃឹមអ្វីទៀត។ដូច្នេះប្រជាពលរដ្ធភូមិក្រសាំង និងភូមិថ្មី ក៍សូមសំណូមពរដល់ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងសម្តេចក្រឡាហោម ស ខេង ជាពិសេសសម្តេចតេជោ ហ៊ុន សែន មេត្តាជួយរកដំណោះស្រាយជូនពួកគាត់ជាប្រជាពលរដ្ធ ដោយសុំបើកផ្លូវប្រឡាយទឹកនេះឡើងវិញផង និងសូមអោយសម្តេចជួយស្តារបន្ថែមអោយជ្រៅមានផ្លូវអមសងខាងលើតាមខ្នងប្រឡាយ ដើម្បីអោយប្រជាកសិករងាយស្រួលដឹកជញ្ជូនកសិផលទៅមក.។
ពាក់ព័ន្ធបញ្ហានេះ លោក កែវ ពិសី អភិបាលស្រុកមេសាង បានប្រាប់អោយដឹងតាមទូរស័ព្ទថា រឿងនេះពិបាកដោះណាស់ដោយសារចុះទៅភាគីខាងលោក សាក់ ស៊ត់និយាយផ្សេង ភាគីពលរដ្ធនិយាយផ្សេង តែមិនអីទេលោកនិងព្យាយាមដោះ
។
ចំណែកឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង ទទួលបន្ទុកទំនាស់ដីធ្លី ក៍បានអោយដឹងតាមទូរស័ព្ទថា រូបលោកពុំទាន់ទទួលបានពាក្យបណ្តឹងពលរដ្ធទេ ឥឡូវលោកជាប់រវល់ទៅសិក្ខាសាលានៅឯខេត្តកំពង់ធំ ចាំលោកទៅវិញនិងពិនិត្យមើលរឿងនេះ។
រីឯខាងមន្ត្រីធនធានទឹក និងភាគីចោទប្រកាន់ លោក សាក់ ស៊ត់ ភ្នាក់ងារយើងមិនអាចទំនាក់ទំនងសូមការបំភ្លឺបានឡើយ៕ រាយការណ៍ដោយលោក លាប់ ចាន់