ខេត្តបាត់ដំបង÷មនុស្សរាប់សិបអ្នកត្រូវបានប្រមូលផ្តុំគ្នាលើទីតាំងសង្វៀនជល់មាន់មួយកន្លែងប្រកបដោយសុវត្ថិភាពក្រោម បរិយ៉ាកាសសម្លេងអ៊ួអរស្រែកហូរកញ្រៀវអបអរសាទ័រជាមួយនឹងការចាញ់ឈ្នះរវាងភាគីអ្នកប្រយុទ្ធទាំងពីរក្បាលដោយគ្មានការរំខានណាមួយដល់សមត្ថកិច្ចឡើង។ប្រជាពលរដ្ឋជាច្រើននាក់ដែលរស់នៅជិតសង្វៀនប្រជល់មាន់បានខ្សឹបប្រាប់អោយដឹងនៅរសៀលថ្ងៃទី០១ខែតុលាឆ្នាំ២០២០នេះថា÷ក្រោយពីប្រកាសផ្លាស់ប្តូរតំណែងលោកស្នងការថ្មីស្ទើរតែរាល់ថ្ងៃពួកគាត់តែងសង្កេតឃើញមានមនុស្សទាំងក្មេងចាស់រាប់សិបនាក់មានទាំងអ្នកថ្មើជើងមានទាំងម៉ូតូព្រមទាំងរថយន្តផងដែរបានធ្វើដំណើរពីបណ្តាគោលដៅផ្សេងៗគ្នាមកជួបជុំប្រមូលផ្តុំគ្នាលេងល្បែងជល់មាន់យ៉ាងគគ្រឹកគគ្រេង។ដែលសង្វៀនជល់មាន់នេះមានទីតាំងនៅចំណុចភូមិស្ពង់ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។ប្រភពដដែលបន្តថា÷ពួកគាត់រងចាំមើលចំណាត់ការពីលោកស្នងការទើបទទួលតួនាទីថ្មីថាតើមានចំណាត់ការឬទេ?តែមកដល់ពេលនេះស្ងាត់ដូចចោរលួចសេះហើយអ្នកលេងកាន់តែប្រមូលផ្តុំច្រើនឡើងថែមទៀតផង។
ប្រភពដដែលបានបញ្ជាក់ដែរថា÷សង្វៀនជល់មាន់ខាងលើនេះក្រៅពីថ្ងៃធម្មតាគឺក្នុងមួយសប្តាហ៍គេលេងជល់ដាក់ដើមផាន់ធំ២ថ្ងៃដោយគេកំណត់យកថ្ងៃអង្គារ៍និងថ្ងៃសុក្រ។ប្រជាពលរដ្ឋជាច្រើននាក់ដែលជាប្រភពបានចោទសំណួរថា÷តើភូមិឃុំមានសុវត្ថិភាពដែលសម្តេចបានដាក់ចេញកន្លងមកនៅឯណា?បើក្នុងភូមិឃុំមានបើកល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ចណាអើពើបង្ករអោយមានផលប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គមបែបនេះ។ជាពិសេសផ្ទុយពីអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែលសម្តេចបានដាក់ចេញនូវបទបញ្ជាយ៉ាងមុឺងហ្មាត់ផងដែរអំពីនយោបាយភូមិឃុំមានសុវត្ថិភាពដែលតម្រូវអោយសមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋានទប់ស្កាត់ល្បែងសុីសងគ្រប់ប្រភេទក៏ដូចជាករណីគ្រឿងញៀនឬចោរកម្មអោយខាងតែបាន។ម្យ៉ាងទៀតការប្រមូលផ្តុំគ្នាយ៉ាងច្រើននៅនឹងវង់ល្បែងសុីសងបែបនេះក៏បានផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរដែលថ្នាក់ដឹកនាំកំពុងត្រូវបានយកចិត្តទុកដាក់បំផុតក្នុងវិធានការទប់ស្កាត់ប្រយុទ្ធប្រឆាំងកុំអោយរលកទីពីរនៃការឆ្លងរីករាលដាលនៃជម្ងឺកូវិត១៩ទៅដល់សហគមន៍របស់បងប្អូនប្រជាកសិករ។
ពាក់ព័ន្ធទៅនឹងល្បែងស៊ីសងប្រជល់មាន់ខាងលើលោកស៊ុន.សុវណ្ណអធិការនគរបាលស្រុកសង្កែក៏បានប្រាប់ក្រុមអ្នកយកព័ត៌មានផងដែរថា÷លោកមិនគាំទ្រឲ្យមានល្បែងក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រងនោះទេ។បើសិនជាមានដូចការលើកឡើងពីពលរដ្ឋបែបនេះមែនលោកនិងនាំកម្លាំងចុះទៅបង្ក្រាបភ្លាមបើនៅតែបើកលេងបន្តទៅទៀត។ឆ្លើយតបនឹងការលើកឡើងរបស់លោកអធិការរូបនេះប្រជាពលរដ្ឋសាទ័រចំពោះចំណាត់ការដ៏មុឺងហ្មាត់នេះដើម្បីរក្សានយោបាយរបស់សម្តេចដែលបានដាក់ចេញនូវអនុសាសន៍ថាភូមិឃុំត្រូវតែមានសុវត្ថិភាពដើម្បីរក្សាក្តីសុខជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ស្រទាប់វណ្ណះ៕សៅ សារិទ្ធ