(ខេត្តស្វាយរៀង) ៖ នាព្រឹកថ្ងៃពុធ ១២ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាអនុប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការ ការពាររបស់ក្រសួងសុខាភិបាលអំពីជំងឺឆ្លងដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលជំនន់ទឹកភ្លៀង នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក កែរ រដ្ឋា បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលតែងតែគិតគូរ អំពីសុខុមាលភាព របស់ប្រជាពលរដ្ឋ និងបានចុះព្យាបាលជំងឺ ដោយឥតគិតថ្លៃទៀតផង ។
លោកក៏បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ ។ ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវតាមដាន និងពិនិត្យផ្ទៃពោះ តាមកាលកំណត់ របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីគ្រប់ ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅ ក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត លោកអ្នកបំផុត ។
លោកបានបន្តថា ត្រូវនាំកូនៗទៅចាក់ថ្នាំបង្ការ តាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារដល់ពួកគេឱ្យបានត្រឹមត្រូវ ។ និងត្រូវប្រុងប្រយ័ត្នជៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះលេងទឹកពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹកជាដើម ។ និងត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវ មុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអុស និងគំនរឈើ ។ ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូន ប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យនិងព្យាបាល។
លោក កែរ រដ្ឋា បានបញ្ជាក់ថា ដើម្បីជៀសវាងនូវបញ្ហា រាករូស រាកមួល ពុលចំណីអាហារ ឬជំងឺផ្សេងៗដទៃទៀត ដែលបង្កឡើងដោយទឹក ត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រះ ដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីនពីរគ្រាប់អាចលាយទឹក២០លីត្រ) ។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្របអាហារឱ្យបានជិតល្អ ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្ទះ កាំបិត ជ្រុញឱ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់ ។
លោកបានបន្តថា ដើម្បីជៀសវាងការចម្លងជំងឺរលាកផ្លូវ ដង្ហើមជាពិសេសជំងឺកូវីដ១៩ ចាំបាច់ត្រូវពាក់ម៉ាស់ ឬកូនកន្សែង ឬក្រមាខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងត្រូវនៅឱ្យបានឆ្ងាយពីអ្នកជំងឺ ដែលក្អក ឬកណ្ដាស់ឱ្យលើសពី១ម៉ែត្រ ហើយនិងមិនត្រូវនៅក្បែរកន្លែងមានធូលីហុយបើចាំបាច់ត្រូវតែពាក់ម៉ាស់ ។ នៅពេលដែលមានធាតុអាកាស ប្រែប្រួលភ្លាមៗ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពដូចជា ការស្លៀកពាក់ឱ្យបានត្រឹមត្រូវ និងជៀសវាងចេញក្រៅផ្ទះក្នុងរយៈពេលយូរ ។ ត្រូវធ្វើអនាម័យខ្លួនប្រាណ ឱ្យបានស្អាត ដោយងូតទឹកដុះសាប៊ូ កក់សក់ និងបោកសម្លៀកបំពាក់ ឱ្យបានស្អាតជៀសវាងនូវជំងឺសើរស្បែក ពងទឹក កម រមាស់ជាដើម។
(សូមបញ្ជាក់ថា) នៅក្នុងឱកាសនោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី បានផ្សព្វផ្សាយអំពីរបៀបវិធានការ អនាម័យដូចជាពាក់ម៉ាស លាងដៃ ជាមួយអាល់កុលរឺជែល សាប៊ូព្រមទាំងចែកនូវសម្ភារៈ អនាម័យ និងថ្នាំពេទ្យមួយចំនួនដល់ពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងផងដែរ ។ ដោយ = សុខហ៊រ