(ព្រៃវែង)….នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ អង្គការមូលនិធិនៃក្តីសង្ឃឹម បានផ្តល់អំណោយអាហារូបករណ៍ ដល់កុមារដែលមានជីវៈភាពខ្វះខាត ដើម្បីជម្រុញអោយកុមារបានបន្តការសិក្សា ចំនួន ៦៨ នាក់ មកពីឃុំចំនួន ៦ នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ពិធីនេះក៍មានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងលោក លឹម ឈាងឡេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំដំរីពួន ស្រុកស្វាយអន្ទរ នឹងតំណាងអង្គការមូលនិធិនៃក្តីសង្ឃឹម នៅភូមិអូរកណ្តោលខាងជើង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ថ្លៃនៅក្នុងឱកាសនោះផងដែរលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា ការផ្ដល់អាហារូបករណ៍ដល់កុមារ ដែលមានជីវភាពខ្វះខាត របស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ គឺក្នុងគោលបំណងដើម្បីជំរុញឲ្យកុមារដែលមានជីវៈភាពក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រ ដើម្បីឲ្យមានលទ្ធភាពបានបន្តការសិក្សារៀនសូត្រ ដូចគ្រួសារដែលមានជីវភាពធូរធារនោះផងដែរ។ក្នុងនោះអង្គការក៏បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលមានជីវៈភាពក្រីក្រខ្វះខាតនេះនូវសម្ភារៈសិក្សាមួយឈុតរយៈពេល ១ ឆ្នាំសម្រាប់កុមារម្នាក់ ចំពោះកាផ្តល់សម្ភារៈសិក្សានេះ ក្នុងកុមារម្នាក់ៗ គឺជួយរយៈពេល ៦ ឆ្នាំ ដោយចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ និងផ្ដល់សម្លៀកបំពាក់ រួមទាំងអាហារ មានអង្ករ គ្រឿងឧបភោគ បរិភោគ ចំនួន ២ ខែម្ដង។លោកអភិបាលស្រុក ក៍បានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអង្គការមូលនិធិនៃក្តីសង្ឃឹម និងរដ្ឋបាលស្រុក ក្នុងការលើកកម្ពស់ ធនធានចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រនេះ។
លោកអភិបាលស្រុក ក៏សូមផ្តាំផ្ញើរដល់ក្មួយៗ ដែលទទួលបានអាហារូបករណ៍ក្នុងការបន្តការសិក្សារៀនសូត្រ តាមរយៈការឧបត្ថម្ភរបស់អង្គការមូលនិធិនៃក្តីសង្ឃឹម នេះសូមអោយក្មួយៗត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ឲ្យអស់ពីកម្លាំងកាយចិត្ត
ស្តាប់ដំបូលមានឱពុកម្តាយ អាណាព្យាបាល និងស្តាប់ការពន្យល់ណែនាំអប់រំរបស់លោកគ្រូអ្នកគ្រូ និងត្រូវ ជៀសអោយឆ្ងាយពីគ្រឿងញៀន។ ព្រោះថាចំណេះដឹងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយយឹតយោងជីវភាពក៏ដូចជា អនាគតរបស់ក្មួយៗនាពេលអនាគតរុងរឿង។
លោកអភិបាលស្រុក បានណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ត្រូវជម្រុញនិងលើកទឹកចិត្តដើម្បីឲ្យគាត់បានទៅសាលាបន្តការសិក្សារៀនសូត្រឲ្យបានគ្រប់គ្នាៗ។ លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជាអាណាព្យាបាលក៏ដូចជាក្មួយៗ ទាំងអស់ត្រូវ បន្តនិងអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងនូវជំងឺកូវីដ១៩ទាំងអស់គ្នា៕