(ខេត្តស្វាយរៀង) ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត ស្វាយរៀង បានរៀបចំយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក ស្ថិតក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខា ធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង ។
ពិធីមានអញ្ជើញចូលរួមពីលោក សេន ស៊ីហ៊ត់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំ និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកអភិបាលក្រុង ស្រុកទាំង៨ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ សរុបអ្នកចូលរួមចំនួន ១២០ នាក់។
លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង បានរាយការណ៍ជូនអង្គពិធីនូវ របាយការណ៍លទ្ធផលការងារនៃក្រុមការងារលេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង រយៈពេល ០៩ ខែ ឆ្នាំ ២០២០ អនុវត្តសម្រេចបានដូចតទៅ៖
១ -ការងារចុះបញ្ជីយានយន្តគ្រប់ប្រភេទ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មសរុបចំនួន ១០,៣៤៤គ្រឿង
២ -ការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សរុបចំនួន ៥,៧១១ គ្រឿង
៣ -ការងារប្រលងយកបណ្ណបើកបរយានយន្តគ្រប់ប្រភេទ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សរុបចំនួន ១៨,៥៩៦ បណ្ណ
៤ -ការងារចុះត្រួតពិនិត្យសាខាសាលាបង្រៀនបើកបរយានយន្ត និងផ្តល់ច្បាប់អនុញ្ញាតិ ធ្វើអាជីវកម្ម សរុបចំនួន ១០ សាខា ។
៥ -ការងារចុះត្រួតពិនិត្យយានដ្ឋានជួសជុល កែច្នៃ តំឡើងយានយន្ត និងផ្តល់លិខិតអនុញ្ញាតិធ្វើអាជីវកម្ម សរុបចំនួន ៦១យានដ្ឋាន ។
ចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍រយៈពេល ០៩ខែ ឆ្នាំ២០២០ កើតឡើងសរុបចំនួន ១០៤លើក បណ្តាលឲ្យមនុស្សរងគ្រោះសរុបចំនួន ១៧៨នាក់ (ខូចខាតយានយន្តសរុប ១៦៨គ្រឿង) បើប្រៀបធៀប ទៅរយៈពេល ០៩ខែ ឆ្នាំ២០១៩ គឺថយចុះចំនួន ១២៩ នាក់ ស្មើនឹង ៤២% ។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ មា នប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះ រដ្ឋបាលខេត្តស្វាយរៀង ជាពិសេស សមាជិក សមាជិកា នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ ដែលមាន លោកអភិបាលខេត្តជាប្រធាន ខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងបេសកកម្មនេះ ។
យ៉ាងមិញ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាក្ដីព្រួយបារម្ភ ដោយសារចំនួនអ្នកស្លាប់នៅតែមានតួលេខខ្ពស់ ជាពិសេសចំនួនអ្នកស្លាប់ជាអ្នកប្រើប្រាស់ទោចក្រយានយន្ត មិនពាក់មួកសុវត្ថិភាពនៅតែមានចំនួនច្រើន ។ ប្រការនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
លោកជំទាវរដ្ឋលេខាធិកា ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន សូមសហការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាសុខភាព អនាម័យ ត្រូវលាងដៃជាមួយសាប៊ូជាប្រចាំ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ត្រូវជៀសវៀងឱ្យបានដាច់ខាតចំពោះគ្រឿងញៀន ព្រោះវាអាចបំផ្លាញអនាគតរបស់យុវជនជាទំពាំងស្នងឬស្សី និងបង្កជាបញ្ហាដល់សង្គមធ្ងន់ធ្ងរទៅថ្ងៃអនាគត និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ដែលបានជន់លិចក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានអំពាវនាវឱ្យចូលរួមគោរពទាំងអស់ ត្រូវគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម និង បានក្រើនរំលឹកឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួក សុវត្ថិភាពរាល់ពេលធ្វើដំណើរ មិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទត្រូវត្រួតពិនិត្យ សុវត្ថិភាពលក្ខណៈបច្ចេកទេសយានយន្តមុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន ។ ដោយ= សុខហ៊រ