រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ តុលា ឆ្នាំ២០២០ នេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន បានឧបត្ថម្ភ
អង្ករ១០០តោន ដល់សាលារាជធានីភ្នំពេញ ដើម្បីចែកជូនបន្ដដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់។
អង្ករទាំង១០០តោននេះ សាលារាជធានីភ្នំពេញ នឹងយកទៅប្រើសម្រាប់ចែកជូនបន្ដដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ខណ្ឌដង្កោ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមថ្លែងយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ សម្រាប់ជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់។
សូមរម្លឹកថា អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កន្លងមក ក៏បានចូលរួមបរិច្ចាគថិវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ផងដែរ។ ដោយ ព រ ។