ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង៥២គ្រួសារ បានទទួលអំណោយមនុស្សធម៌របស់សាខា កាកបាទក្រហមកម្ពុជាខេត្ត រួមនឹងសមាគមនារីដើម្បីអភិវឌ្ឍន៍ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង) ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានបន្តនាំយកអំណោយមនុស្សធម៌របស់សាខា រួមនឹងសមាគមននារីដើម្បីអភិវឌ្ឍន៍ខេត្ត ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៥២ គ្រួសារ មកពីសង្កាត់ស្វាយរៀង សង្កាត់ពោធិតាហោ និងសង្កាត់គយត្របែក ក្រុងស្វាយរៀង ។​

ក្នុងឱកាសនោះផងដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ  ក្តីនឹករលឹក  ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ  និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពល រដ្ឋទាំងអស់  ដែលជួបគ្រោះទឹកជំនន់ នៅក្នុងរដូវវស្សានាពេលនេះ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ សាខា អនុសាខាក្រុង-ស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមកាកបាទក្រហមឃុំ សង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាតាមភូមិ កងកម្លាំងប្រដាប់អាវុធ និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ ។

លោកជំទាវ បានបន្តអំពាវនាវដល់កម្លាំងសង្គ្រោះទាំងអស់គោរពតាមបទបញ្ជា និងការណែនាំរបស់សម្តេចតេជោ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយការជន់លិចនេះគ្រប់ទីកន្លែងទាំងអស់ ឱ្យបានទាន់ពេលវេលា ដើម្បីធានាថាមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត ដោយអាជ្ញាធរមិនបានដឹងនោះឡើយ ។

ជាមួយគ្នានោះដែរលោកជំទាវបានពាំនាំនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនជនរួមជាតិ ៖
១ , សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ ។

២ , សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ ។

៣ ,នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។

៤ ,សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី ។

អំណោយដែលបានចែកជូនសម្រាប់គ្រួសារជម្លៀសមកនៅទីទួលសុវត្ថិភាព ៧ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ ធុងទឹកជ័រ ១ កៅស៊ូតង់ ១ មី ១ កេស កន្ទេលបត់ ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ឃីត ១ កញ្ចប់(មុង ១ ភួយ ១ ក្រម៉ា១ សារុង ១) ថវិកា ៥០,០០០ រៀល ។ សម្រាប់គ្រួសារលិចក្រោមផ្ទះ ៤៥ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃី កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) ថវិកា ៥០,០០០ រៀល ។ សមាគមននារីដើម្បីអភិវឌ្ឍន៍ខេត្តចែកជូនទាំង ៥២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ១៥ គ.ក្រ មី ១ កេស ទឹកសុទ្ធ ១ កេស ទឹកដោះគោ ៦ កំប៉ុង  ។ ដោយ = សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com