ខេត្តកណ្តាល : បន្ទាប់ពីប្រជាជនរស់នៅភូមិព្រែករាំង និង ភូមិព្រែករាំង-ក-ស្ថិតក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បានធ្វើលិខិតស្នើសុំអភិបាលខេត្តកណ្តាល ចេញប្លង់កម្មសិទ្ធិដីពួកគាត់ដែលបានអាស្រ័យផល តាំងពីឆ្នាំ ១៩៨០ មានទាំងបង្កាន់ដៃ និងបានបង់ពន្ធជាស្រូវផងនោះ តែត្រូវមន្រ្តីពាក់ព័ន្ធជំទាស់ ថាជាដីអាងទឹក ។
លើករណីស្នើសុំអភិបាលខេត្តដោយប្រជាជនបានដាក់ពាក្យមកសាលាខេត្តនៅខែមិថុនា ឆ្នាំ២០២០ និងបានលើកគ្នាមកសាលាខេត្ត ដើម្បីស៊ើបសួរដំណឹងនៅថ្ងៃទី៩ ខែ កក្កដានោះមក ជាលទ្ធផល នៅថ្ងៃទី២៣ ខែកក្កដា ក្រុមមន្រ្តីក៏បានចុះវាស់វែង ដីអោយពួកគាត់ ។
មន្រ្តី១រូបបង្ហើបថា បងប្អូនប្រជាជនបានប្លង់ រឺមិនបានប្លង់ មិនស្ថិតនៅលើការសំរេច របស់សាលានោះទេ គឺ សំរេចលើសម្តេចនាយករដ្ឋមន្រ្តី ព្រោះថា ដីទាំងនោះវា ជាដីអាងទឹករបស់រដ្ឋ ។
បងប្អូនប្រជាពលរដ្ឋដែលបានគ្រាញននៀល ដើម្បីសុំប័ណ្ណ ទាំង១០គ្រួសារនេះបានបញ្ជាក់ថា ដីពួកគាត់អាស្រ័យផល មានប្រមាណជិត១០ហិកតា ។ តែមិនដឹងថារបាយការណ៍ជូនទៅសម្តេចនាយករដ្ឋមន្រ្តី មានទំហំប៉ុន្មានហិកតា និង បានជ្រាបដល់សម្តេច ហើយរឺនូវ នោះទេ?
ទាក់ទងបញ្ហានេះ ប្រជាជនបង្ហើបថា មុនពេលមន្រ្តីចុះវាស់វែង គឺមានប្រជាជនប្លែកមុខបានមកកាប់ស្ការព្រៃ ដែលគាត់ថាព្រៃនោះគាត់មិនហ៊ានប៉ះពាល់តាំងពីឆ្នាំ ១៩៧៩ មកម្លេះ ឥឡូវគេកាប់អស់ហើយ ប្រហែលចង់បានកម្មសិទ្ធិ ស្របជាមួយពួកគាត់ដែរក៏មិនដឹង ។
ប្រភពផ្សេងទៀតបានបង្ហើបថា ប៉ុន្មានឆ្នាំមុនមានអ្នកមានលុយ បានមកទិញដីពីប្រជាជន តាមរយៈមន្រ្តីមូលដ្ឋាន ដោយអោយតំលៃ១ហិកតា ២ ទៅ ៣ម៉ឺនដុល្លា ដោយភ្ជាប់សំដី ថាធ្វើលើដីរដ្ឋ លក់ទៅ ប្រយ័ត្នគេយកទទេ ។
ស្ថិតលើការងារនេះ បងប្អូនប្រជាជន បានគោរពសុំសម្តេចមេត្តាពិនិត្យ ពិច្ច័យ ព្រោះថា ពួកគាត់ជាប្រជាជនអាស្រ័យលើដីនេះ ពិតប្រាកដ ខ្លាចតែត្រីងៀតឈ្លៀតពង ដោយបានទៅលើក្រុមឧកញ៉ា ដែលជាឈ្មួញកណ្តាល មកបន្លំក្នុងរឿងនេះផងក៏មិនដឹង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ប្រជាជន រួមនិងអតីតមេភូមិព្រែករាំង បានអះអាងថា ដីធ្លីរបស់ពួកគាត់មិនឋិតនៅក្នុងអាងទឹកព្រៃរាំងទេ គឺនៅខាងក្រៅអាងរាប់រយម៉ែត្រឯណោះ ប៉ុន្តែបែរជាមន្ត្រីខាងធនធានទឹកបានវាស់វែងកំណត់ព្រំអាងទឹករំកិលចូលដីធ្លីរបស់ពួកគាត់ ។ ទាំងប្រជាពលរដ្ឋនិងអតីតមេភូមិបានអះអាងថា ដីធ្លីរបស់ពួកគាត់ទទួលពីអាជ្ញាធរតាំងពីសម័យរដ្ឋកម្ពុជាបានចែកឲ្យនិងបានកាន់កាប់អាស្រ័យផលរហូតមកដល់បច្ចុប្បន្ន ។ ម្យ៉ាងទៀតកាលណោះពួកគាត់ក៏បានបង់ពន្ធជូនរដ្ឋទៀតផង ហើយ ដីនេះឋិតនៅខាងត្បូងផ្នែកខាងក្រោមអាងទឹកព្រែករាំងទាំងអាជ្ញាធរនិងប្រជាពលរដ្ឋសុទ្ធតែបានដឹងថា អាងទឹកនិងដីធ្លីពួកគាត់នៅដាច់ដោយឡែកពីគ្នា ។ ប៉ុន្តែផ្ទុយទៅវិញ មន្ត្រីធនធានទឹកបច្ចុប្បន្ននេះ បែរជាវាស់វែងកំណត់រំកិលព្រំអាងទឹកចូលក្នុងដីធ្លីរបស់ពួកគាត់ជាហេតុធ្វើឲ្យពួកគាត់មិនអាចធ្វើប័ណ្ណកម្មសិទ្ធិដូចប្រជាពលរដ្ឋក្នុងភូមិផ្សេងទៀត ។
ប្រជាពលរដ្ឋបាននិយាយត្រង់ៗថា មូលហេតុដែលគេមិនធ្វើប័ណ្ណឲ្យដោយសារមន្ត្រីជំនាញខាងធនធានទឹកបាននិយាយថា ដីរបស់ពួកគាត់ស្ថិតនៅក្នុងអាងទឹកព្រែករាំង ។ ប៉ុន្តែតាមរយះលោក ជ្រិន សៀង មេឃុំទឹកវិលបានប្រាប់ពួកគាត់ថា បើចង់ធ្វើប័ណ្ណកម្មសិទ្ធិបានលុះត្រាតែក្នុងម្នាក់បង់លុយចំនួន១៧០០ដុល្លារទៅឲ្យខាងមន្ត្រីជំនាញ ។ ប្រជាពលរដ្ឋក៏យល់ព្រមដោយអ្នកខ្លះលក់គោ អ្នកខ្លះទៀតបានខ្ចីបុលពីធនាគារ
យកលុយទៅឲ្យលោក ជ្រិន សៀង មេឃុំទឹកវិល ។ លុះរំលងបានប្រមាណបីខែក្រោយ ស្រាប់តែលោកមេឃុំរូបនេះបានប្រគល់លុយឲ្យពួកគាត់វិញ ហើយនិយាយថា លុយ១៧០០ដុល្លារធ្វើប័ណ្ណមិនបានទេ ទាល់តែក្នុងម្នាក់ៗ បង់ ២៥០០ ដុល្លារទើបអាចធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីបាន ។
ដោយសារតែប្រជាពលរដ្ឋមានជីវភាពខ្វះខាតមិនអាចរកលុយបង់ឲ្យមន្ត្រីជំនាញបានទើបផ្អាកមិនព្រមគិតគូរធ្វើប័ណ្ណវិញ ។ លុះប៉ុន្មានថ្ងៃក្រោយមកស្រាប់តែមន្ត្រីខាងធនធានទឹកចុះទៅវាស់វែងកំណត់ព្រំដីអាងទឹកដោយវាស់រំកិលយកដីរបស់ពួកគាត់ដែលនៅឆ្ងាយពីអាងទឹកប្រមាណ៤០០ម៉ែត្រដាក់បញ្ចូលជាដីអាងទឹក ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក ជ្រិន សៀង មេឃុំទឹកវិលនៅព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២០ ដដែលនោះក្នុងសាលាឃុំទឹកវិលបាននិយាយថា រឿងលុយ១៧០០ដុល្លារប្រជាពលរដ្ឋបានយកទៅឲ្យគាត់ដើម្បីរត់ការធ្វើប័ណ្ណពិតប្រាកដមែន គឺតែប្រាំគ្រួសារមិនមែនទាំងអស់ទេ ប៉ុន្តែលោកមិនបានទាមទាររហូតទៅដល់២៥០០ដុល្លារនោះទេ ។ ចំណែកលុយចំនួន១៧០០ដុល្លារនោះ លោកក៏មិនបានប៉ះពាល់ម៉ាកាក់ម៉ាសេនដែរ លោកបានយកប្រគល់ឲ្យពួកគាត់វិញអស់ហើយ ។ លោក ជ្រិន សៀង បានបញ្ជាក់ថា លុយចំនួន១៧០០ដុល្លារនេះ គឺជាលុយសម្រាប់បង់ថ្លៃសេវាបំពេញបន្ថែម ប៉ុន្តែលោកមិនបានបញ្ជាក់សេវាបំពេញបន្ថែមនោះជាសេវាអ្វីនោះទេ ។
លោក ស៊ុំ សុខន ប្រធានការិយាល័យធនធានទឹកស្រុកស្អាងបានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២០ឲ្យដឹងថា ករណីប្រជាពលរដ្ឋស្នើសុំធ្វើប័ណ្ណដីធ្លីនេះ មិនមែនលោកជាអ្នកសម្រេចទេ លោកគ្រាន់តែរក្សាបឹងទុកជូនរដ្ឋប៉ុណ្ណោះ ។ ចំណែករឿងរ៉ាវយកលុយពីប្រជាពលរដ្ឋនោះ លោកមិនបានធានាថាធ្វើប័ណ្ណបាននោះទេ មិនតែប៉ុណ្ណោះលោកក៏បានប្រាប់ទៅប្រជាពលរដ្ឋផងដែរថា រឿងធ្វើប័ណ្ណគឺធ្វើមិនបានទេ ព្រោះដីនោះលោកបានដាក់ចូលជាដីអាងទឹករបស់រដ្ឋហើយ ហើយថវិការបស់ប្រជាពលរដ្ឋនោះក៏លោកមិនបានទទួលដែរ ។ (មានកិច្ចសំភាសប្រជាជន នៅលើភេក ទូរទស្សន៍ ព្រះនរាយណ៍ ) ៕
https://m.facebook.com/story.php?story_fbid=1415329898812434&id=100010063123170