ខេត្តរតនគិរី/មានប្រសាសន៍នៅក្នុងពិធីសម្ពោធពិព័រណ៌ផលិតផលខ្មែរ នាឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ឆ្នាំ ២០២០ ដែលមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី សហការជាមួយ និងរដ្ឋបាលខេត្តប្រារព្ធរៀបចំឡើង នាព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២០ក្នុងក្រុងបានលុង ឯកឧត្តម គិត ទ្រី អភិបាលស្តីទីខេត្តរតនគិរី ចាត់ទុកពិព័រណ៌ផលិតផលខ្មែរគឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យកាន់តែទូលំទូលាយ។
ឯកឧត្តម ក៏បានស្នើដល់ប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករ និងភ្ញៀវទេសចរ ចូលរួមចំណែកក្នុងការលើកស្ទួយផលិតផល និងកសិផលខ្មែរ ហើយកសិករ សិប្បករ ជាអ្នកផលិត ត្រូវរៀបចំផលិតផលរបស់ខ្លួនប្រកបដោយអនាម័យ និងមាន
គុណភាព មានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារ មានអត្តសញ្ញាណច្បាស់លាស់ ចៀសវាងការយកផលិតផលបរទេសមកកែច្នៃ ឬបន្លំធ្វើជារបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ផលិតផលដើម។ហើយតាមរយៈពិព័រណ៌នេះ ឯកឧត្តមអភិបាលខេត្តស្តីទី មានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី និងភ្ញៀវទេសចរ ពិតជានឹងចូលរួមក្នុងការប្រើប្រាស់ផលិផលខ្មែរអោយបានយ៉ាងច្រើនកុះករជាក់ជាមិនខាន ។
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធពិព័រណ៌ផលិតផលខ្មែរ នាឱកាសយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ ២០២០ក្នុងខេត្តរតនគិរីនាពេលនេះ បានបញ្ជាក់
ថា ការតាំងពិព័រណ៌ផលិតផលខ្មែរនាពេលនេះ ជាលើកទី៥ហើយដែលក្រសួង បានរៀបចំធ្វើឡើង ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ កន្លងមក ប្រជាពលរដ្ឋខ្មែរមួយ
ចំនួន តែងតែយល់ថា ដំណាំឬផលិតផលកែច្នៃមួយចំនួន គឺនាំចូលពីបរទេស ខ្មែរមិនអាចធ្វើបាន ដែលនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ផលិតផល និងកសិផលរបស់ប្រជាពលរដ្ឋខ្មែរ។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ការរៀបចំពិព័រណ៌នៅពេលនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ថា : ប្រជាកសិករ និងសិប្បករខ្មែរ ពិតជាមានការផ្គត់ផ្គង់ទីផ្សារនូវផលិតផលខ្មែរដ៏មានគុណភាព មានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារអនាម័យ។ ឯកឧត្តមសង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្ម គឺជាអ្នកបើកច្រកទីផ្សារសម្រាប់ផលិតផលខ្មែរមែន តែសុំឲ្យពាណិជ្ជករ និងសិប្បករ ត្រូវចេះកែច្នៃផលិតផលខ្លួន ឱ្យមានលក្ខណ:ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារសុវត្ថិភាពសម្រាប់ការនាំចេញទៅក្រៅប្រទេស។
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានស្នើផងដែរដល់ពាណិជ្ជករ អាជីវករ គួរចាប់ដៃជាមួយកសិករ និងសិប្បករ ដើម្បីបង្កើនការផលិតធ្វើការវេចខ្ចប់ កែច្នៃផលិតផលខ្មែរឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា៖ ពិព័រណ៌ផលិតផលខ្មែរ នាឱកាសយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ ២០២០នេះមានការចូលរួមពីបណ្តាខេត្តនានាមួយចំនួនហើយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ(៧-៩ វិច្ឆិកា)តាមបណ្តោយផ្លូវមហាវិថី នាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ជាប់និងសួនកុមារ ជិតសាលា បឋមសិក្សា ប៊ូ ថង ទេសអន្លង់ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានស្តង់ លក់ដូរចំនួន៥១ស្តង់ ៕ រាយការណ៍ពីក្រុងបានលុងដោយខ្ញុំបាទ លី វណ្ណះ Pntv គេហទំព័រទូរទស្សន៍ព្រះនរាយណ៍