តាកែវ ៖ ទីតាំងកែច្នៃដំឡើងរថយន្តរបស់ឈ្មោះ ជាង កាង កំពុងធ្វើសកម្មភាពដំឡើងកែច្នៃរថយន្តចង្កូតស្ដាំប្រភេទបែនដឹកដីច្រេីនគ្រឿងរាល់ថ្ងៃដោយមិនមានសមត្ថកិច្ចជំនាញថ្នាក់ណាម្នាក់មកហាមឃាត់បានឡើយ ពោលគឺដំណេីការដោយរលូន។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះបានឱ្យដឹងថា យានដ្ឋានកែច្នៃដំឡើងរថយន្តបែនដឹកដីអត់ពន្ធរបស់ឈ្មោះជាង កាងមានចំនួន២ទីតាំង ទី១-មានទីតាំងនៅខាងជើងផ្សារសំរោងយោងស្ថិតនៅចំណុចភូមិ ចក និងទី២-នៅខាងកើតផ្សារសំរោងយោងស្ថិតនៅចំណុចភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ។
ប្រភពបន្តថា សកម្មភាពកែច្នៃដំឡើងរថយន្តចង្កូតស្ដាំប្រភេទបែនដឹកដី 5តោនi ,ម៉ាកនីសាន់ យូឌី ដំឡើងរួចគេលក់ចេញក្នុងមួយគ្រឿងតម្លៃចាប់ ពី២៥០០០ ទៅ ៣ម៉ឺនដុល្លារឯណោះ។រថយន្តទាំងអស់នោះសុទ្ធតែកែច្នៃដំឡើងខុសបច្ចេកទេសនិងអត់បង់ពន្ធចូលថវិការដ្ឋឡើយ ដោយសង្ស័យថាអាចនឹងមានភ្លើងខៀវអំពីមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អស់ហើយបានជាដំណើរការយ៉ាងរលូនបែបនេះ។
ប្រជាពលរដ្ឋបានបន្តថា ម្ចាស់អាជីវកម្មកែច្នៃដំឡើងរថយន្តខាងលើនេះគេដើរអួតអាងថាបានត្រូវគ្នាជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អស់ហើយ ដូច្នេះការធ្វើអាជីវកម្មនេះមិនមានការព្រួយបារម្ភភ័យខ្លាចអ្វីឡើយ។
ម្យ៉ាងវិញទៀតគេបើគាត់អាងថាមានខ្សែបណ្ដាញអ្នកមានបុណ្យស័ក្កិធំៗនៅពីក្រោយខ្នងទើបគេរកស៊ីបានយ៉ាងរលួនបែបនេះ។
សូមបញ្ជាក់ថា ការកែច្នៃដំឡើងរថយន្តចង្កូតស្ដាំប្រភេទបែនដឹកដីដោយមិនបង់ពន្ធហើយធ្វើខុសលក្ខណៈបច្ចេកទេសខាងលើនេះធ្វើឱ្យខាតបង់ចំណូលថវិការដ្ឋក្នុងមួយឆ្នាំៗរាប់លានដុល្លារឯណោះ ។ ម្យ៉ាងទៀតបង្កឱ្យកេីតមាននៅគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ជាមិនខានឡើយ។
ប្រជាពលរដ្ឋបាននាំគ្នាសំណូមពរទៅដល់អាជ្ញាធរជំនាញពាក់ព័ន្ធទាំងអស់ពិសេសមន្ត្រីសាធារណការនិងដឹកជញ្ជូនតែម្ដងមេត្តាចុះត្រួតពិនិត្យធ្វើការហាមឃាត់បិទអាជីវកម្មកែច្នៃខុសច្បាប់របស់ឈ្មោះជាង កាងខាងលើនេះផង ។ បើពុំដូច្នោះទេហានិភ័យនឹងកើតមានជាក់ជាមិនខានឡើយ។
សូមបញ្ជាក់ថា ការរកស៊ីកែច្នៃដំឡើងរថយន្តអត់ពន្ធនិងខុសលក្ខណៈបច្ចេកទេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏ធ្លាប់បានមានប្រសាសន៍ក្រើនរំលឹកទៅដល់មន្ត្រីជំនាញក្រសួងសាធារណការការនិងដឹកជញ្ជូននិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឱ្យចាត់វិធានការទប់ស្កាត់ទៅលើបញ្ហានេះផងដែរ។