(ខេត្តស្វាយរៀង)៖ ឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ស្ថិតនៅបរិវេណសាលាស្រុករមាសហែក ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីចង់ដឹងអំពីកង្វល់និងសំណូមពរនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យអាជ្ញាធរដោះស្រាយបានទាន់ពេលវេលាប្រកបដោយតម្លាភាព និងមានគណនេយ្យភាពត្រឹមត្រូវ។
វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក រមាសហែក បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានការចូលរួមមានពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត លោកអភិបាលស្រុករមាសហែក ប្រធាន អនុប្រធានទីចាត់ការ អង្គភាពនានា ចំណុះមន្រ្តីសាលាខេត្ត មន្ត្រីសាលាស្រុក កងកម្លាំងទាំង៣ ក្រុមប្រឹក្សាស្រុក មេភូមិ មេឃុំ និងប្រជាពលរដ្ឋសរុបចំនួនប្រមាណ ១៥៤នាក់ ស្រី៣១នាក់ ។
ឯកឧត្តម រស់ ឆាយ ក៏បានថ្លែងអំណរគុណចំពោះវត្តមានលោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម ហែម ពិសិដ្ឋ បានបន្ថែមថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សាតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។
(សូមបញ្ជាក់ជូនថា) អង្គវេទិការនេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់មួយចំនួនដូចជា៖ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, ការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ, ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសំណង់ផ្សេងៗ, ការធ្វើអត្តសញ្ញាណបណ្ណ, ការងារអត្រានុកូលដ្ឋាន, បរិស្ថានអនាម័យ, បទល្មើសនេសាទ និងទំនាស់ដីធ្លីជាដើម ។ ដោយ= សុខហ៊រ