ព្រៃវែង.. ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអំពាវនាវអោយប្រជាពលរដ្ធទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នូវបញ្ហាគ្រោះអគ្គីភ័យ ជាពិសេសមិនត្រូវធ្វើប្រហែសចំពោះជំងឺកូវីដ.១៩នោះទេ ដោយយើងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទំលាប់ធ្វើអនាម័យជាប្រចាំ ដូចជា÷លាងសំអាតដៃនឹងសាប៊ូ អាកុល ជែល និងប្រសិនបើចេញទៅទីសាធារណ:ត្រូវពាក់ម៉ាស់ ឬក្រមា ដើម្បីចូលរួមទប់ស្កាត់ការចម្លងនៅក្នុងសហគមន៍យើង។មានប្រសាសន៍បែបនេះ ខណ:ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំសមាជិក សមាជិកា ព្រមទាំងមន្ត្រីរាជការអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ នាំយកអំណោយរបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងមហាផ្ទៃ ទៅចែកជូនដល់ប្រជាពលរដ្ធដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ នៅបរិវេណវត្តស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ។ក្នុងឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ក៍បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខ និងការនឹករលឹកពី សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ដែលតែងតែគិតគូរពីការលំបាករបស់បងប្អូន ជនរងគ្រោះ និងជនងាយរងគ្រោះ នៅទូទាំងប្រទេសដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយឡើយ ជាពិសេសនោះគឺការដោះស្រាយឲ្យបានទាន់ពេលវេលានិងឆាប់រហ័ស មិនត្រូវទុក្ខឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះនិងស្លាប់ដោយសារអត់ស្បៀងអាហារ ដោយគ្មានអាជ្ញាធរមូលដ្ឋានដឹងឭនោះឡើយ។អំណោយរបស់សម្តេច ក្រឡាហោម ស ខេង ដែលនាំយកមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រទាំង១០០គ្រួសារនេះ គឺក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស និងថវិកា ៣០.០០០រៀល។ឯកឧត្តម ក៍បានជំរុញអោយប្រជាពលរដ្ធត្រូវនាំគ្នាខិតខំបង្កបង្កើនផលដំណាំស្រូវ បន្លែ និងចិញ្ចឹមសត្វផ្សេងៗបន្ថែមទៀត ដើម្បីចូលរួមលើកស្ទួយជីវភាពគ្រួសារ ស្របពេលសង្គម និងប្រទេសជាតិស្ថិតក្នុងបរិបទជម្ងឺកូវីដ.១៩៕ ដោយ លាប់ ចាន់