(កណ្តាល-ព្រៃវែង)….ឈ្មួញប្រើប្រាស់សាឡង់យក្សធំៗជាច្រើនគ្រឿងធ្វើសកម្មភាពបូមខ្សាច់ក្បែរៗមាត់ច្រាំងទន្លេមេគង្គក្រោម នៃទឹកដីស្រុកលើកដែក ខេត្តកណ្តាល និងស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីសម្រុកដឹកយកទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងជារៀងរាលថ្ងៃ ធ្វើអោយប្រជាពលរដ្ធរស់នៅអមសងខាងតាមដងទន្លេកំពុងមានការព្រួយបារម្ភជាខ្លាំងនូវបញ្ហាប្រឈមគ្រោះបាក់ច្រាំងទន្លេនាំបាត់បង់ដីស្រែចំការ និងដីលំនៅឋាន ផ្ទះសម្បែង។ ប្រភពពីពលរដ្ធនៅបានលើកឡើងប្រហាក់ប្រហែលគ្នាថា កន្លងមកគ្រោះបាក់ច្រាំងទន្លេមេគង្គក្រោម បានលេបត្របាក់ដីស្រែចំការរបស់ពួកគាត់រាប់ពាន់ម៉ែត្រធ្លាក់ចូលក្នុងទឹក និងផ្ទះរាប់រយគ្រួសារបង្ខំចិត្តរុះរើ រត់ចេញខ្លះទៅសុំដីគេសងខ្ទមស្នាក់នៅបណ្តោះអាសន្នមិនទានមានដំណោះស្រាយផង។មិនតែប៉ុណ្ណោះគ្រោះបាក់ច្រាំងទន្លេបានកាត់ផ្តាច់ផ្លូវកៅស៊ូលេខ១៤ និងស្ពានជាច្រើនកន្លែង នៅក្នុងស្រុកលើកដែក រហូតមកដល់ពេលនេះនៅមិនទាន់មានមធ្យោបាយទប់ស្កាត់ផង។ស្រាប់តែឥឡូវបែរជាមានសាឡង់យក្សធំៗ មកសំកាំងបូមខ្សាច់ក្បែរៗច្រាំងក្រោយផ្ទះពួកគាត់ទាំងថ្ងៃទាំងយប់ រយៈពេលជាង១ខែហើយ ធ្វើអោយពួកគាត់ព្រួយបារម្ភកាន់តែខ្លាំង។បើបាក់ពេលថ្ងៃនោះអាចដឹងមុននាំកូនចៅរុះរើផ្ទះសម្បែងរត់រកកន្លែងសុវត្ថិភាពបាន ចុះបើបាក់ចំពេលយប់កំពុងដេកលង់លក់ក្នុងដំណេក តើជីវិតរបស់ពួកគាត់ទៅជាយ៉ាងណា?ហើយអ្នកណាជាអ្នកទទួលខុសត្រូវ?…។ប្រភពបន្តថា សាឡង់យក្សធំៗនេះគឺសុទ្ធជនជាតិវៀតណាម សូម្បីតែទង់ជាតិលើសាឡង់ក៍វៀតណាមដែរ។ក្រោយបូមខ្សាច់ដាក់ពេញសាឡង់រួច ពួកគេបើកទម្លាក់ខ្លួនបណ្តោយទឹកហូរចូលទៅកាន់ប្រទេសវៀតណាម។ បើយោងតាមប្រភពពីមន្ត្រីតូចតាចនៃសាលាស្រុងទាំងពីរខាងលើ បានលួចបង្ហើបអោយដឹងថា សាឡង់បូមខ្សាច់ធំៗទាំងនោះ គឺជារបស់ក្រុមហ៊ុន<<ចតុមុខ រឺសសស៍សឹបផ្លាយ អ៊ីមផត អិចផត ឯ.ក>>ដែលគេមានអាជ្ញាធរប័ណ្ណធ្វើអាជីវកម្មខ្សាច់ នៅលើផ្ទៃទឹកតាមបណ្តោយដងទន្លេមេគង្គ នៃស្រុកលើកដែក ខេត្តកណ្តាល និងស្រុកពាមជរ ខេត្តព្រៃវែង។ប្រភពដដែលបន្តថា អាជ្ញាប័ណ្ណក្រុមហ៊ុន<<ចតុមុខ រឺសសស៏សឹបផ្លាយ អ៊ីមផត អិចផត>>នោះ គឺអនុញាតអោយធ្វើអាជីវកម្មបូមខ្សាច់ សម្រាប់ផ្គត់ផ្គង់ប្រើប្រាស់ទីផ្សារក្នុងស្រុកទេ។លុះត្រាតម្រូវការក្នុងស្រុកគ្រប់គ្រាន់ ហើយនៅសល់ ទើបអនុញាតអោយធ្វើការនាំចេញទៅខាងក្រៅប្រទេសបាន។ប៉ុន្តែចាប់ផ្តើមតាំងពីក្រុមហ៊ុនមួយនេះទទួលបានអាជ្ញាប័ណ្ណមក គឺខ្សាច់ដែលបូមបានទាំងអស់មិនទុកផ្គត់ផ្គង់ប្រើប្រាស់ក្នុងស្រុកឡើយ ដោយនាំចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិក្អមសំណ ខេត្តកណ្តាល និងច្រកទ្វារអន្តរជាតិកោះរកា ខេត្តព្រៃវែង រហូត ដែលតម្លៃទីផ្សារខ្សាច់លក់នៅប្រទេសវៀតណាម ក្នុង១ម៉ែត្រគូបបាន៨ដុល្លារ ហើយក្នុងសាឡង់១គ្រឿងអាចផ្ទុកខ្សាច់បានចន្លោះចាប់ពីរ១៩០០ម៉ែត្រគូបទៅ២០០០ម៉ែត្រគូប ហើយក្នុង១ថ្ងៃនាំចេញទៅលក់នៅវៀតណាមមិនក្រោម៦ទៅ៧សាឡង់ឡើយ។ ពាក់ព័ន្ធបញ្ហានេះ បើតាមមន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បានប្រាប់អោយដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ថា ការនាំខ្សាច់តាមសាឡង់ទៅលក់នៅក្រៅប្រទេសគឺគេមានច្បាប់នាំចេញត្រឹមត្រូវមកពីលើ ក្នុងនាមគយច្រកគ្រាន់តែបានបំពេញបែបបទប៉ុណ្ណោះ។មន្រ្ពីគយអះអាងថា ទាល់តែមានលិខិតអនុញាតពីក្រសួងរ៉ែ និងថាមពល ទើបអោយនាំចេញក្នុងរយៈពេលប្រហែល១ខែ ត្រឹមតែ៣-៤សាឡង់ទេ ហើយចំពោះក្រុមហ៊ុន មន្ត្រីគយនោះមិនស្គាល់ឡើយ៕
0
ឈ្មួញប្រើសាឡង់យក្សជាច្រើនគ្រឿងធ្វើសកម្មភាពបូមខ្សាច់ក្បែរៗច្រាំងទន្លេមេគង្គក្រោម សម្រុកដឹកទៅស្រុកយួន ពលរដ្ធព្រួយបារម្ភបាក់ច្រាំងអស់ដីធ្លាក់ផ្ទះចូលទឹក.
Filed in: Uncategorized