(ខេត្តស្វាយរៀង) ÷ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារវការងារចុះជួយស្រុករំដួល នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលេីកទិសដៅ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល និងមានការអញ្ជើញចូលរួម ឯកឧត្តមអភិបាលរងខេត្ត ប្រធាន/អនុក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមឃុំទាំង១០ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុករំដួល គណៈអភិបាលស្រុក កងកម្លំាងប្រដាប់អាវុធស្រុក តំណាងការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលទទួលបានរបស់ក្រុមការងារទទួលបន្ទុកតាមឃុំទាំង១០ ព្រមទាំងបានជម្រុញក្រុមការងារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយសហការជាមួយរដ្ឋបាលខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត និងរដ្ឋបាលស្រុករំដួល ។ ជាពិសេសបានជម្រុញឲ្យអាជ្ញាធរមូលដ្ឋានបង្កេីនការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលបានយកចិត្តទុកដាក់ និងចុះមូលដ្ឋានផ្ទាល់និងជាប្រចាំ ដេីម្បីចូលរួមដោះស្រាយកង្វល់ សំណើ និងសំណូមពររបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅផ្តល់នៅសុខដុមរមនា និងសុភមង្គលដល់សង្គមជាតិ និងប្រជាពលរដ្ឋទាំងមូល។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមបានជម្រុញឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តឆ្លើយតប បំភ្លឺ និងដោះស្រាយរាល់កង្វល់និងសំណូមពររបស់ប្រជាពលរដ្ឋអោយបានសមស្រប ដោយបានស្នើឲ្យមន្ទីរអង្គភាពយកសំណើសុំទាំងនោះ ដាក់បញ្ចូលក្នុងផែនការអាទិភាពរបស់ខ្លួន។ ក្នុងឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល បានរៀបចំវេទិកាសាធារណៈចំនួន ៦១លេីក និងមានអ្នកចូលរួមប្រមាណជាង ១៦០០នាក់ ។ ដោយ=សុខហ៊រ