ខេត្តកណ្តាល៖ស្ត្រីម្នាក់បានទទូចស្នើសុំអោយតុលាការខេត្តកណ្តាលអនុវត្តច្បាប់កុំលំអៀង បន្ទាប់ពីទទួលដំណឹងថា មានគេរត់ការដោះលែងប្តីរបស់ខ្លួនអោយនៅក្រៅឃុំ ក្រោយពេលដែលចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លោក ហេង ផល្លា បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១ ។ ស្ត្រីរូបនោះ ឈ្មោះ ព្រីង សេម អាយុ ៦២ ឆ្នាំ រស់នៅភូមិប៊ុណ្ណា ឃុំ ព្រះពុទ្ធិ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមុខរបរជាគ្រូពេទ្យឆ្មប ។ ស្រ្តីឈ្មោះ ព្រីង សេម បានដាក់ពាក្យប្តឹងប្តីរបស់ខ្លួនឈ្មោះ បាន សារ៉េត អាយុ ៦២ ឆ្នាំនៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដោយចោទប្រកាន់ថា បានចុះចោលផ្ទះទៅលួចមានស្រី “ អំពើផិតក្បត់ “។ ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសជាប្តីនៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ដែលកំពុងរស់នៅក្នុងផ្ទះល្វែងបុរីពិភពថ្មី២ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលជាមួយស្រីថ្មី។
ស្ត្រីឈ្មោះ ព្រីង សេមបាននិយាយរៀបរាប់ទាំងអួលដើមករថា កន្លងមក រវាងគាត់ និងស្វាមីឈ្មោះ បាន សារ៉េត បានគេចចេញពីផ្ទះទៅទាក់ទងស្រីថ្មី ។ លុះក្រោយមកស្ត្រីជាប្រពន្ធចេះតែតាមរក ស្រាប់តែប្រទះឃើញគាត់ដឹកស្រីថ្មីក្នុងឡាន ហើយមិនចូលផ្ទះ។
ស្ត្រីដដែលបាននិយាយទៀតថា ប្តីរបស់គាត់ប្រព្រឹត្តិអំពើផិតក្បត់រូបគាត់ និងកូន ទាំងមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រូបគាត់និងកូននៅតែមិនរករឿង ហើយថែមទាំងអាណិតស្រឡាញ់គាត់ជាប្តី ជាឪពុកដដែល ។ មូលហេតុដែលគាត់មិនរករឿងនេះហើយ ទើបធ្វើអោយប្តីរបស់គាត់បានចិត្តរហូតបកមករករឿងប្រពន្ធកូនហើយថែមទាំងប្តឹងសុំលែងលះនិងចែកទ្រព្យសម្បត្តិកុហក់តុលាការថា រស់នៅជាមួយប្រពន្ធមិនដែលបានសុខ ប្រពន្ធចេះតែរករឿងបង្កឈ្លោះទាស់ទែងស្ទើរជារៀងរាល់ថ្ងៃ បើទ្រាំរស់នៅបន្តទៀត រវាងប្តីនិងប្រពន្ធអាចមានម្នាក់ស្លាប់ ។ ដោយសំអាងលើពាក្យសំដីប៉ុន្មានម៉ាត់នេះ តុលាការខេត្តកណ្តាលបានចេញសាលក្រមសម្រេចអោយគាត់លែងលះនិងចែកទ្រព្យសម្បត្តិជាពីរចំណែកស្មើគ្នា ប៉ុន្តែគាត់ (ស្ត្រីជាប្រពន្ធដើម)នៅតែមិនព្រមលែងលះនិងមិនសុខចិត្តនឹងការសម្រេចរបស់តុលាការ ហើយបានប្តឹងទៅសាលាឩទ្ធរណ៍ដើម្បីទាមទាររកយុត្តិធម៌ ។ ពាក់ព័ន្ធនឹងបណ្តឹងឩទ្ធរណ៍នេះ មានប្រជាពលរដ្ឋមួយចំនួនជាពិសេសលោក បាន សារ៉េត នៅនឹងមុខសមត្ថកិច្ចចេះតែរអ៊ូរទាំមានចម្ងល់ថា សំណុំរឿងតុលាការបានសម្រេចចេញសាលក្រមអោយលោកបានលែងលះជាមួយប្រពន្ធហើយ ហេតុអ្វីបានជាប្រពន្ធដើមអាចដាក់ពាក្យប្តឹង ហើយសមត្ថកិច្ចនៅតែធ្វើការឃាត់ខ្លួនលោកតាមពាក្យបណ្តឹងរបស់ខ្លួន ។ ចម្ងល់នេះ ត្រូវបានមន្ត្រីនៅក្នុងសាលាដំបូងខេត្តកណ្តាលធ្វើការបកស្រាយថា មូលហេតុដែលប្រពន្ធដើមដាក់ពាក្យប្តឹងជាន់លើសាលក្រមបាន ដោយសារសាលក្រមមិនទាន់ស្ថាពរ ហើយការប្តឹងនោះ ស្ត្រីជាប្រពន្ធដើមបានលើកយកអង្គហេតុប្តីចុះចោលផ្ទះទៅលួចទាក់ទងស្រីថ្មីដោយចោទជាអំពើផិតក្បត់ ។ ចំណែកសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តីតាមពាក្យបណ្តឹងរបស់ប្រពន្ធនោះ គឺសមត្ថកិច្ចធ្វើឡើងដោយយោងតាមច្បាប់ស្តីពីឯកពន្ធភាពត្រង់មាត្រា -៣ – ចំណងអាពាហ៍ពិពាហ៍ត្រូវរលាយក្នុងករណីសហព័ទ្ធណាមួយស្លាប់-មានសេចក្តីសម្រេចរំលាយចំណងអាពាហ៍ពិពាហ៍ជាស្ថាពររបស់តុលាការ-សហព័ទ្ធណាម្នាក់បាត់ខ្លួនហួសពីមួយឆ្នាំដោយគ្មានដំណឹងអ្វីសោះ មិនដឹងថាស្លាប់ឬរស់ ។
មាត្រ -៧-ត្រូវចាត់ទុកថាផិត បើការរួមសេវនកិច្ចរវាងបុរសដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្ត្រីដទៃក្រៅពីប្រពន្ធរបស់ខ្លួនឬការរួមសេវនកិច្ចរវាងស្ត្រីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយជាមួយបុរសដទៃក្រៅពីប្តីរបស់ខ្លួន ។
អំពើផិតក្បត់បើតាមទោសប្បញ្ញត្តិនៃជំពូកទី៣ក្នុងច្បាប់ឯកពន្ធភាពត្រង់មាត្រា-១០-បានចែងថា ជនណាប្រព្រឹត្តអំពើផិតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំនិងផ្តន្ទាទោសពិន័យជាប្រាក់ពី២០០.០០០( ពីររយពាន់ )រៀលដល់ ១.០០០.០០០( មួយលាន )រៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ ។
នៅរសៀលថ្ងៃនេះ អង្គភាពយើងនៅមិនទាន់រកការបំភ្លឺណាមួយចេញពីអ្នកពាក់ព័ន្ធ ពីការបែកធ្លាយនៃការរត់ការដោះលែង រឺ មិនដោះលែងបាននៅឡើយទេ ។