ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា នឹងត្រូវបង្កើតឡើងក្រោមវត្តមានក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនូន៣ បានរួមកិច្ចសហការគ្នា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនោះរួមមាន ទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗចំនួន២ រួមមាន ក្រុមហ៊ុន ទូរទស្សន៍បាយ័នគ្រុប និងក្រុមហ៊ុនហង្សមាសគ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ព្រមទាំងលោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។ កម្មពិធីនេះ ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ព្រមទាំងមន្ត្រីរាជការ និងពាណិជ្ជករឆ្នើមជាច្រើនរូប។

គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា “សម្ព័ន្ធ ទូរទស្សន៍កម្ពុជា គ្រុប ខូ អិល ធី ឌី” ដែលមានការចូលរួមភាគហ៊ុនដោយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទូរទស្សន៍បាយ័ន និងក្រុមហ៊ុនទូរទស្សន៍ហង្សមាស។ ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីមួយនេះ នឹងដាក់ឱ្យដំណើរការនូវថ្នាលទូរទស្សន៍ឌីជីថល ដែលនឹងផ្តល់ជូននូវសេវា និងជម្រើសទូរទស្សន៍ឌីជីថលដោយសម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ សំដៅលើកស្ទួយចំណេះដឹង ការកម្សាន្ត និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ “នេះជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់ធ្វើឱ្យប្រទេសកម្ពុជាមានឌីជីថលពេញលេញ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឱ្យបានឧស្សាហកម្មជំនាន់ ៤.០ ហើយនេះក៏ជាគំនិតផ្តួចផ្តើមមួយ ក្នុងការដាក់វិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ឱ្យទៅជាប្រព័ន្ធឌីជីថលផងដែរ”។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍បន្តថា៖ “យើងមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូ សហការគ្នាបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ ដែលនឹងចូលរួមចំណែកជួយដល់ការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យរាល់បណ្តាញផ្សព្វផ្សាយរបស់ឯកជន និងរដ្ឋ ដើម្បីប្តូរការផ្សាយពី អាណាឡូកទៅជាការផ្សាយលើថ្នាលទូរទស្សន៍ឌីជីថលវិញ”។

ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ មានភារកិច្ចត្រួតពិនិត្យគុណភាព រូបភាព វីដេអូ សំឡេង និងកម្មវិធីផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈច្រកចេញចូលតែមួយ ហើយក៏ចូលរួមធានាបាននូវការផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលដោយរលូន ឱ្យបានទាន់ពេលកំណត់មុនឆ្នាំ២០២៣ ។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការគាំទ្រការកែប្រែឱ្យប្រទេសកម្ពុជាមានឌីជីថលពេញលេញ។ បណ្តាក្រុមហ៊ុនក្នុងផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមមាន Cellcard, Ezecom, Wing Money, CBS និង Digital Sky បាននិងកំពុងធ្វើការជារួមគ្នា ដើម្បីសម្រេចយុទ្ធសាស្រ្តធ្វើឱ្យប្រទេសកម្ពុជាមាន ឌីជីថលពេញលេញ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗ បានបម្រើទស្សនីយអារម្មណ៍ ចំណេះដឹង និងការកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ក្រុមហ៊ុនយើងមានបទពិសោធន៍ ជំនាញ និងធនធានមនុស្សយ៉ាងមុតមាំនៅក្នុងឧស្សាហកម្មសោតទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ។

ក្រុមហ៊ុនទូរទស្សន៍ CBS មានប៉ុស្តិ៍ទូរទស្សន៍ដូចជា ប៉ុស្តិ៍ CTN, CTN International, CNC, MyTV, CBS Digital, TMS, វិទ្យុភ្នំពេញ និង Legend Tiger ។ ចំណែកក្រុមហ៊ុន Digital Sky មានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា (១) DVB-T ផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន ៧២ ប៉ុស្តិ៍ (២) DTH ផ្សាយតាមផ្កាយរណបមានចំនួន ២៦៥ ប៉ុស្តិ៍ (៣) OTT ទូរទស្សន៍ផ្សាយតាមទូរស័ព្ទដៃមានចំនួន ៨៦ ប៉ុស្តិ៍ និង ផលិតប៉ុស្តិ៍ទូរទស្សន៍ខ្លួនឯងចំនួន ១១ ប៉ុស្តិ៍ ដូចជា OneTV Sabay, OneTV Drama, OneTV Kids, OneTV Music, OneTV Cinema, OneTV Discovery, OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11, OneTV-E-school ។

ក្រុមហ៊ុនទូរទស្សន៍ បាយ័នគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន ប៊ីធីវី កាសែតកម្ពុជាថ្មី និងវិទ្យុបាយ័ន។

ក្រុមហ៊ុនទូរទស្សន៍ ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាស និង Pleng Records និងក្រុមហ៊ុនពិធីការនិងសារព័ត៌មាន២៤ម៉ោង៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com