ខេត្តកណ្តាល៖ តំណាងប្រជាពលរដ្ឋ៩៨គ្រួសារ លើប្រជាជនសរុប ៤០០គ្រួសារ រស់នៅឃុំបឹងខ្យាង, ឃុំអំពៅព្រៃ និងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ នៅ ព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននាំគ្នាមកសាលាខេត្តកណ្តាល ដើម្បីដាក់ញាតិអោយអភិបាលខេខេត្តកណ្តាជួយអន្តរាគមន៍គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយបង្កើតអនុគណៈកម្មការវាយតម្លៃថ្លៃអចលនទ្រព្យជាមួយតំណាងប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីការបិទការទិញលក់ដីអស់រយៈពេលពីរឆ្នាំ និងទទួលរងពីភាពមិនប្រក្រតីនៃការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។
លោក ឃាង សុខមាន តំណាងប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មកសាលាខេត្តព្រឹកនេះ គឺដើម្បីដាក់ញត្តិឲ្យឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍គោរពជូនសម្តេចតេជោ ឲ្យជួយដោះស្រាយចំនួន៦ចំណុច ទី១-អន្តរាគមន៍ឲ្យតំណាងក្រុមហ៊ុន អាជ្ញាធរ និងផ្នែកជំនាញពាក់ព័ន្ធចុះមកបើកវេទិការប្រជុំជាសាធារណៈ និងបង្កើតអនុគណៈកម្មការសិក្សាពីតម្លៃអចលនទ្រព្យជាមួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះខាង នៅក្នុងភូមិសាស្ត្រប្រហាក់ប្រហែលដើម្បីស្វែងរកដំណោះស្រាយនៃតម្លៃមូលដ្ឋានដែលស្របតាមសេដ្ឋកិច្ចសង្គម និងតម្លៃទីផ្សារបច្ចុប្បន្នដែលអាចទទួលយកបានទាំងអស់គ្នា ហើយប្រជាពលរដ្ឋនឹងអាចមានលទ្ធភាពទៅរកទិញដីបានវិញ។ ទី២-អន្តរាគមន៍អោយបើកការទិញលក់ដីធ្លីតាមតម្លៃទីផ្សារ និងតាមសេដ្ឋកិច្ចសង្គមនៅក្នុងឃុំខាងលើនេះឡើងវិញ ព្រោះ អាជ្ញាធរបានបិទសិទ្ធិប្រជាពលរដ្ឋមិនអោយមានការទិញលក់អចលនទ្រព្យតាមតំលៃទីផ្សារនៅជិតតំបន់ព្រលាន ជាយូរណាស់មក ហើយ (ការបិទការទិញលក់នេះគឺគ្មានពេលវេលាជាក់លាក់ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ មួយចំនួនត្រូវការលក់ដីយកលុយទៅព្យាបាលជំងឺដើម្បីសង្គ្រោះជីវិត។ ទី៣-អន្តរាគមន៍អោយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួយទប់ស្កាត់ និងមានចំណាត់ការចំពោះក្រុមហ៊ុនដែលដេញថ្លៃម៉ៅពីក្រុមហ៊ុន OCIC ដោយយកគ្រឿងចក្រមកឈូសឆាយរំលោភលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលមិនទាន់លក់ដូរ ឬមិនទាន់មានការផ្តល់សំណងស្របតាមសេដ្ឋកិច្ច និងតម្លៃទីផ្សារ, ទី៤-អន្តរាគមន៍អោយក្រុមហ៊ុនព្រលានយន្តហោះ និងភាគីពាក់ព័ន្ធចូលរួមអនុវត្តនូវគោលនយោបាយស្ថានភាពស្បែកខ្លា របស់សម្តេចពុក ប្រសិនបើក្នុងករណីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីប៉ះមកលើភូមិលំនៅដ្ឋាន គឺសំណូមពរមេត្តាបង្ខិតបង្គោល ព្រំព្រលានយន្តហោះទៅទិសខាងកើតនៅត្រង់ចំណុចប្រឡាយ៩០ (កៅគត់) នោះព្រំព្រលាននោះនឹងបានផុតលំនៅដ្ឋានរបស់ប្រជា ពលរដ្ឋនៅក្នុងភូមិកំពង់តាឡុង ព្រោះដីនៅភូមិភាគខាងកើតនៃព្រលានក៏នៅទំនេរច្រើនដែរ។
លោកថា ប្រជាពលរដ្ឋក្នុងភូមិនេះ មានក្តីបារម្មណ៍ចំពោះការបាត់បង់លំនៅដ្ឋាន ហើយដឹងថាសំណងនឹងមិនសមាមាត្រទៅនឹងតម្លៃទីផ្សារជាក់ស្តែង ដូច្នេះប្រជាពលរដ្ឋ មិនអាចទៅរកទិញដីសម្រាប់លំនៅដ្ឋានថ្មីបានទេ។ ទី៥-សំណូមពរអោយមានការចូលរួមពីអ្នកសង្កេតការណ៍ពិសេស របស់អង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងគណៈកម្មការ ដោះស្រាយផលប៉ះពាល់នានា។ ទី៦-សំណូមពរ ឯកឧត្តម អភិបាលខេត្ត មេត្តាជួយអន្តរាគមន៍ពន្លឿនដំណោះស្រាយបញ្ហាខាងលើ ដើម្បីអោយប្រជាពលរដ្ឋរស់នៅក្នុងឃុំបឹងខ្យង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទទួលបានសំណងសមរម្យ និងយុត្តិធម៌ដែលអាចទទួលយកបាន និងឆាប់រហ័សព្រោះបានអូសបន្លាយអស់រយៈពេលជិតពីរឆ្នាំមកហើយ ។
លោក ឃាង សុខមាន បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាម ថា ក្រោយពីប្រជាជនរង់ចាំជាច្រើនម៉ោង
នឹងបានហូបបាយរួចរាល់ ដែលខាងខេត្តជាអ្នករ៉ាប់រង រួចមក ឯកឧត្តមអភិបាលខេត្តក៏បាន អោយប្រជាជនចូលជួប នៅម៉ោង ១១ -៤០ នាទី នឹងបានបញ្ចប់ទៅវិញ នៅម៉ោង ២ ជាងល្ងាចដោយ ឯកឧត្តមយល់ព្រមទទួលយកសំណើរតែ៣ចំណុចប៉ុណ្ណោះ ដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ។ ទី១ សំណើរសុំឲ្យពន្លឿនការដោះស្រាយ, ទី២ សំណើរសុំឲ្យដោះស្រាយការទិញលក់ដីសមស្របទៅតាមតម្លៃទីផ្សារបច្ចុប្បន្ន ខណៈក្រុមហ៊ុនឲ្យតម្លៃតែ៨ដុល្លារ ប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ និងទី៣ បើសិនជាអាច នឹងធ្វើការផ្លាស់ប្តូរដីជូនប្រជាពលរដ្ឋ។
ដោយឡែកពលរដ្ឋនៅឃុំពត់សរ ស្រុកបាទីខេត្តតាកែវ ឯកឧត្តមអភិបាលខេត្ត បានឲ្យពួកគាត់ត្រឡប់ទៅវិញ ព្រោះការដោះស្រាយជារដ្ឋបាលរបស់ខេត្តតាកែវ ។
ប្រជាជនទាំងអស់មានក្តីសាទរ នឹងទន្ទឹងផ្លូវក្នុងការដោះស្រាយអោយបានឆាប់រហ័ស ដូចការរំពឹងទុក ។