ខេត្តបាត់ដំបង÷កាលពីរសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១លោងួន.រតនៈអភិបាលខេត្តបាត់ដំបងបានដឹកនាំមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធរួមមាន:មន្ទីរសាធារណ:ការ,មន្ទីរអភិវឌ្ឍជនបទនិងមន្ទីរធនធានទឹកដើម្បីចុះពិនិត្យមើលផ្លូវលំមួយខ្សែដែលខូចខាតដោយទឹកជំនន់មានប្រវែងប្រមាណ១១,៥០០ម៉ែត្រស្មើនិង១១គីឡូម៉ែត្រកន្លះស្ថិតក្នុងឃុំព្រែកហ្លួងស្រុកឯកភ្នំខេត្តបាត់ដំបងដែលបច្ចុប្បន្នកំពុងដំណើរការក្នុងការឈូសឆាយពង្រីកកែលម្អរឡើងវិញនិងមានក្រាលកៅស៊ូផង។ដែលគម្រោងនេះរដ្ឋបាលខេត្តបានធ្វើឡើងតាមសំណើរសំណូមពររបស់ប្រជាពលរដ្ឋនៅទីនោះដើម្បីបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រាស្រ័យទំនាក់ទំនងគ្នានិងសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។
ជាមួយគ្នានេះដែរលោកអភិបាលខេត្តរួមនិងមន្ត្រីពាក់ព័ន្ធក៏បានបន្តពិនិត្យមើលស្ពានអូរព្រែកអំបិលមួយកន្លែងដែលស្ពាននេះបានតភ្ជាប់សម្រាប់២ភូមិមានភូមិបាក់រទេះនិងភូមិដូនឥន្ទស្ថិតក្នុងឃុំព្រែកហ្លួងស្រុកឯកភ្នំដើម្បីសាងសង់ទ្វារទឹកផងដែរសម្រាប់ការពារកុំឲ្យដំណាំស្រូវប្រមាណជិត២០០០ហិកតាជនលិចទឹកខូចខាតនារដូវវស្សាហ៍ខាងមុខដោយក្នុងឱកាសនោះក៏មានពលរដ្ឋជាច្រើនបានចូលរួមផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរលោកអភិបាលខេត្តក៏បានផ្តាំផ្ញើរដល់អាជ្ញាធរស្រុកឃុំត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងអស់ឲ្យចូលរួមអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់មេរោគកូវីដ១៩និងផ្សព្វផ្សាយ នូវសារជាអនុសាសន៍របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលជាមួយនឹងការផ្ទុះររីករាលដាលជំងឺកូវីដ១៩ដល់សហគមន៍ ២០កុម្ភៈដែលមិនទាន់មានការថមថយនៅឡើយ។
ជាពិសេសផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលរួមទប់ស្កាត់និងការពារការរីករាលដាលនៃជំងឺកូវីដ១៩តាមរយៈការបន្តអនុវត្តវិធានការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន.សែនដែលមានខ្លឹមសារដូចខាងក្រោមនេះ៖៣ការពារមាន:១,ពាក់ម៉ាស់២,លាងដៃ៣,គម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល។ចំណែក៣កុំមាន:១,កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងកុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេករកកន្លែងមានខ្យល់ចេញចូល២,កុំទៅកន្លែងមនុស្សច្រើនកុះករ៣,កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នាកុំឱបគ្នាជាដើម។
លោកអភិបាលខេត្តក៏បានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋផងដែរថា÷បើសិនជាប្រជាពលរដ្ឋដែលមានបងប្អូនកូនក្មួយបានវិលត្រឡប់មកពីប្រទេសថៃហើយគេចវេសមិនចូលរួមធ្វើចត្តាឡីស័កសូមរាយការណ៍ឲ្យអាជ្ញាធរឬសមត្ថកិច្ចជាបន្ទាន់។បើមិនដូច្នោះទេពលករនោះត្រូវប្រឈមមុខច្បាប់ដោយការផាកពិន័យជាសាច់ប្រាក់ធ្ងន់ធ្ងរចាប់ពី១លានរៀលទៅ៥លានរៀលហើយអ្នកផ្សំគំនិតដឹកជញ្ជូនពលករគេចពីកន្លែងធ្វើចត្តាឡីស័កក៏ត្រូវផាកពិន័យពី៥លានទៅ១០លានរៀលផងដែរ៕សៅ សារិទ្ធ