ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋបានត្អូញត្អែរថា បច្ចុប្បន្ននេះតម្លៃត្រីបានឡើងថ្លៃយ៉ាងគំហុក ខណៈពួកគាត់កំពុងប្រឈមនឹងជីវភាពមានការខ្វះខាតយ៉ាងខ្លាំងក្នុងអំឡុងពេលដែលពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ ពិសេសក្នុងស្ថានភាពបិទរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ (Lockdown) ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ។
ដោយសារតម្លៃត្រីក្នុងទីផ្សារបានឡើងថ្លៃយ៉ាងគំហុកដូច្នេះហើយ ទើបប្រជាពលរដ្ឋបានទទូចអង្វរស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ពិនិត្យមើលចរន្ត ពីការប្រមូលទិញត្រីពីស្រះរបស់ប្រជាពលរដ្ឋ និង ទីតាំង ដេប៉ូបោះដុំ រហូតដល់អ្នកលក់រាយតាមផ្សារ ពិសេសសូមកំណត់តម្លៃ អោយបានសមស្រប នឹងថេរ អោយដូច មុនកាលបិទការនាំចូលត្រីពីក្រៅប្រទេស ។
ប្រជាពលរដ្ឋនិយាយថា តម្លៃត្រីនៅក្នុងទីផ្សារកាលពីមុនខែ មេសា ឆ្នាំ ២០២១ កន្លងទៅនេះតម្លៃត្រីលក់រាយដូចជាត្រីរ៉ស់តម្លៃមិនដល់ ៧០០០ រៀលទេក្នុងមួយគីឡូក្រាម , ត្រីស្ពិន និង ត្រីកាហែ តម្លៃមិនដល់ ១០០០០ រៀលទេក្នុងមួយគីឡូក្រាម ចំណែកត្រីអណ្តែង , ត្រីប្រា , ត្រីឡាប់យ៉ា, ត្រីប៉ោង ឬ ត្រីកាប និង ត្រីពោ មានតម្លៃមិនដល់ ៧០០០ រៀលដែរ ។ ប៉ុន្តែបច្ចុប្បន្នតម្លៃត្រីទាំងអស់នេះបានហក់ឡើងយ៉ាងគំហុករហូតត្រីរ៉ស់ឡើងដល់ ១៣០០០ រៀលក្នុងមួយគីឡូក្រាម , តម្លៃត្រីស្ពិន និង ត្រីកាហែ ឡើងដល់ ១៧០០០ រៀល ចំណែកឯត្រីអណ្តែង , ត្រីប្រា , ត្រីឡាប់យ៉ា , ត្រីប៉ោង ឬ ត្រីកាប និង ត្រីពោ គឺឡើងថ្លៃដល់ ១០០០០ ឬ ១១០០០ រៀលឯណោះ ។
ពាក់ព័ន្ធនឹងទីផ្សារត្រីឡើងថ្លៃយ៉ាងគំហុកនេះ ក្រុមអាជីវករលក់ត្រីនៅក្នុងទីផ្សារស្អាងខាងជើង ក្នុងស្រុកស្អាង ខេត្តកណ្តាល បាននិយាយថា មូលហេតុដែលពួកគាត់លក់តំឡើងថ្លៃគឺដោយសារម៉ូយលក់ត្រីបោះដុំនៅកន្លែងយឿត្រីលក់តំឡើងថ្លៃដែរ ។ពួកគាត់ចំណេញក្នុង១គីឡូ -២ ទៅ៣ពាន់រៀលប៉ុណ្ណោះ ។
ទោះជាយ៉ាងនេះក្តី ប្រភពពីអ្នករកស៊ីនៅទីផ្សារបោះដុំ ១កន្លែងបានបង្ហើបថាត្រីឡើងថ្លៃគឺមានតាមប្រភេទត្រី ដូចជាត្រីរ៉ស់ ជាដើម គឺមិនឡើងថ្លៃទាំងអស់នោះទេ ។ ប្រភពថា ប្រហែលមកពី បងប្អូនខ្លះមិនបានមកយកដល់ទីផ្សារបោះដុំ នឹងបានទិញទីទីផ្សារលក់រាយ ទើបវាអាចឡើងថ្លៃ យ៉ាងដូច្នេះ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យនាំចូលត្រីចំនួន៤ប្រភេទមាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្ដោ ពីក្រៅប្រទេសឡើងវិញកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយពីផ្អាកការនាំចូល១រយៈ ខ្លី ។ អ្នកដែលធ្លាប់រកស៊ី នាំត្រីចូល ពីប្រទេសវៀតណាម បានផ្អាកការនាំចូលផងដែរ ដោយសារមានបញ្ហាស្មុគស្មាញ ជាងមុន ។