ការដ្ឋានលាយបេតុង កណ្ដាលបេះដូងទីក្រុងទេសចរណ៍ ខេត្តព្រះសីហនុ ត្រូវបានសាលាខេត្តសម្រេចឲ្យ”ផ្អាក”ហើយ
ខេត្តព្រះសីហនុ៖ ពិតជាមិនធម្មតានោះទេ ប្រជាពលរដ្ឋ ១៣៥ គ្រួសារ សរុបជិត ៣ពាន់ នាក់ នាំគ្នាផ្ដិតមេដៃសុំឲ្យសាលាខេត្តព្រះសីហនុបញ្ឈប់ការសាងសង់របស់ក្រុមហ៊ុនឈ្មោះ “YONG SHENG” (លាយបេតុង) មួយកន្លែងដែលស្ថិតនៅក្នុងក្រុម ៦ ភូមិ៣ សង្កាត់លេខ៣ ខេត្ត-ក្រុងព្រះសីហនុ ដែលកំពុងនិងធ្វើការសាងសង់យ៉ាងគគ្រឹកគគ្រេង ទាំងលើដីស្ថានីយរថភ្លើងរបស់រដ្ឋ ទាំងគ្មានច្បាប់ ទាំងប្រជាពលរដ្ឋកំពុងផ្ដិតមេដៃរាប់រយគ្រួសារសុំ អន្តរាគមន៍ពីបញ្ហាផលប៉ះពាល់ជាច្រើនសម្រាប់ពួកគាត់ដែលកំពុងរស់នៅក្នុងតំបន់នេះ។
ជាក់ស្ដែងណាស់ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅសាលាខេត្តព្រះសីហនុ ដឹកនាំដោយលោក ស៊្រុន ស៊្រន អភិបាលរងខេត្តព្រះសីហនុ បានរៀបចំបើកកិច្ចប្រជុំភ្លាមៗ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធជាច្រើនក្នុងខេត្ត និង អង្គការសង្គមសុីវិល ព្រមទាំងខាងដំណាងក្រុមហ៊ុន ឈ្មោះ នី សុជាតិ ទៀតផង។ ក្នុងនោះការប្រជុំរកដំណោះស្រាយពីផលប៉ះពាល់ជាច្រើនចំណុច៖
ទី១- បញ្ហាការសាងសង់លើដីរដ្ឋ ក្រោមគម្រោងកែលំអផ្លូវរថភ្លើង តែក្រុមហ៊ុនមួយនេះ យកទីតាំងមុខស្ថានីយមកសាងសង់ជាក្រុមហ៊ុន(លាយបេតុងឯកជន) ទៅវិញ។
ទី២- ការសាងសង់មួយនេះក្រឃឺននិងច្បាប់ ខណៈមិនទាន់មានច្បាប់សាងសង់ចេញដោយសាលាខេត្តផង ក្រុមហ៊ុននេះបានបុកគ្រឹះសាងសង់បានជាង៤០ ភាគរយទៅហើយ។
ទី៣- និយាយពីផលប៉ះពាល់វិញ តំបន់នេះជាបេះដូងខេត្តទេសចរណ៍ (កូលាប២ទង) មិនគួរឲ្យក្រុមហ៊ុនលាយបេតុងដាក់ ចំកណ្ដាលដើមទ្រូងខេត្តមួយនេះ នោះឡើយ។
ទី៤- ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង ១៣៥ គ្រួសារដំណាងឲ្យមនុស្សក្នុងគ្រួសារ ជិត ៣ ពាន់នាក់ នាំគ្នាផ្ដិតមេដៃស្នើសុំឲ្យបញ្ឈប់ការសាងសង់ ព្រោះពួកគាត់ព្រួយបារម្ភដល់សុខភាព(បង្កទៅជាជំងឺផ្សេងៗ ពីការទទួលឥទ្ធិពលធូលីដោយមិនដឹងខ្លួន ហើយបង្កជាសម្លេងរំខាននិង បញ្ហា ជ្រាបចេញពីគំនរខ្សាច់ជាដើម។
ទី៥- បញ្ហាតំបន់នេះកំពុងរងការកកស្ទះស្ទើររាល់ថ្ងៃ ពីសំណាក់រថយន្តកុងតឺន័រ ប្រសិនបើបន្ថែមក្រុមហ៊ុនលាយបេតុងក្នុងចំណុចនេះមួយទៀតលទ្ធផលពិតជាពិបាកស្មានខ្លាំងណាស់។
ប្រភពព័ត៌មានមួយផ្សេងទៀតបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន(YONG SHENG) មួយនេះជា របស់ ឧកញ៉ា គិត ម៉េង ដែលទទួលខុសត្រូវគ្រប់គ្រងដោយឈ្មោះ នី សុជាតិ ជាង ២ខែមកហើយ ក្រុមហ៊ុននេះ នៅមិនទាន់បើកប្រាក់ខែ (បើលុយ) អោយកម្មករនោះទេ។
បើតាមលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា (សុីអិនរ៉ូ) C.N.RO មានប្រសាសន៍ក្នុង អង្គប្រជុំថា ” លោកគាំទ្រ ឲ្យមានការអភិវឌ្ឍឬសាងសង់ក្រុមហ៊ុន លាយបេតុងនេះ ក៏ប៉ុន្តែលោក មិនគាំទ្រដាច់ខាត ចំពោះក្រុមហ៊ុន ដែលធ្វើការសាងសង់លើដីរបស់រដ្ឋផង ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរាប់ពាន់នាក់ផង មិនគួរឲ្យកើតមាននោះទេ ហើយម្យ៉ាងទៀតជាខេត្តប្រមូលផ្ដុំដោយភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាច្រើនជាតិសាសន៍
មកទស្សនាខេត្តព្រះសីហនុនេះកំពុងតែមានការកើនឡើងជារៀងរាល់ឆ្នាំ។ លោកក៏បានសំណូមពរដល់អភិបាលរងខេត្ត អភិបាលខេត្តពិសេស ឯកឧត្ដម យន្ត មីន មេត្តាសម្របសម្រួលឲ្យខាងក្រុមហ៊ុនមួយនេះ រកកន្លែងទីតាំងក្រៅក្រុង ក្រៅទីប្រជុំជន ដើម្បីបញ្ចៀសពីផលប៉ះពាល់និងផលលំបាកទៅថ្ងៃក្រោយ បើអនុញ្ញាតអោយមានក្រុមហ៊ុនកើតចំកណ្ដាលទីក្រុងបែបនេះប្រាកដទទួលរងយ៉ាងច្រើនពីផលប៉ះពាល់។
ជាចុងក្រោយលោក ស៊្រ៊ុន ស៊្រន អភិបាលរងខេត្ត ក៏បានសម្រេចនិង(ធ្វើការផ្អាកជាបណ្ដោះអាសន្នហើយ ដោយរងចាំការសម្រេចពីអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម យន្ត មីន)។
គួររំលឹកផងដែរថា ក្រុមហ៊ុនឈ្មោះ YONG SHENG មួយនេះ កន្លងមកសារព័ត៌មាននិងទូរទស្សន៍ជាច្រើនបានផ្សាយរួចមកហើយដែរ ពីផលប៉ះពាល់ផ្សេងៗ ដែលកើតមានបើបណ្ដែតបណ្ដោយឲ្យមានការសាងសង់នេះ កើតឡើង តែក្រុមហ៊ុនខាងលើ មិនអើពើនោះទេចំពោះរាល់ព័ត៌មានដែលផ្សាយ សង្ស័យអាងថា អ្នកមានអំណាចនៅពីក្រោយខ្នង ពិសេស ឧកញ៉ា គិត ម៉េង ដែលជាម្ចាស់ក្រុមហ៊ុនមួយនេះ។
ទោះជាយ៉ាងណាក្ដីអង្គការសង្គមសីុវិល ព្រមទាំងប្រជាពលរដ្ឋជាង ២ពាន់នាក់ ស្មើនិង ១៣៥ គ្រួសារ
មានតែសង្ឃឹមលើ ឯកឧត្ដម យន្ត មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់។ ជាពិសេស ប្រជាពលរដ្ឋក៏បានសំណូមពរដល់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពជា សូមសម្ដេចមេត្តា ជួយមានវិធានការទប់ស្កាត់ជាបន្ទាន់ផង បើមិនដូច្នេះទេ បេះដូងនៃទីក្រុងទេសចរណ៍មួយនេះនិងក្លាយជា ក្រុមហ៊ុន លាយបេតុងហើយពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់៕ រាយការណ៍ដោយ៖(ទុយ ហ៊ួត)ប្រចាំខេត្តព្រះសីហនុ