ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១  ខែមីនា ឆ្នាំ២០១៨ បានរៀបចំប្រកាសចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នាយឧត្តមសេនីយ គង់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិកាចម្រុះនៃកងយោធពលខេមរភូមិន្ទ ។

តាមប្រកាសរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លេខ ០៤៦ ដនស/ប្រក ចុះថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៨ សម្រេចតំឡើងឋានលោក នួន ប៉ុក ពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ទៅជាអនុប្រធាននាយកដ្ឋានបទបញ្ញាត្តិផែនការ និងទំនាក់ទំនងសហប្រតិបត្តិការការងារលំនៅដ្ឋានចំណុះអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។ តែងតាំងលោក ចេង ស្រុង ជាប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ជំនួសលោក នួន ប៉ុក ដែលត្រូវទទួលភារកិច្ចថ្មី ។ តែងតាំងលោក ស៊្រុន ម៉ាប់ ជាអនុប្រធាននាយកដ្ឋានបទបញ្ញត្តិផែនការ និងទំនាក់ទំនងសហប្រតិបត្តិការការងារលំនៅដ្ឋានចំណុះអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុមានមតិស្វាគមន៍ដោយគូសបញ្ជាក់ថា ខេត្តព្រះសីហនុ មានមោទនភាព ជាមួយនឹងការរីកចំរើនលើគ្រប់វិស័យក្នុងឆ្នាំ២០១៧កន្លងមក មានសំណង់អគារខ្ពស់ៗកើនឡើងជាលំដាប់ក្នុងនោះមានសំណង់លំនៅដ្ឋាន សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម សំណង់ទេសចរណ៍ និងសំណង់សាធារណៈផ្សេងៗជាច្រើនទៀត ។ ទន្ទឹមនេះ ការគ្រប់គ្រងដីធ្លីក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរដូចជា -ទិន្នន័យលទ្ធផលនៃការចុះវាស់វែងទីតាំងដី ពីមន្ត្រីជំនាញមករដ្ឋបាលខេត្តមានការយឺតយ៉ាវ -កង្វះឧបករណ៍បច្ចេកទេស និងមន្ត្រីជំនាញនៃអង្គភាពសុរិយោដី -ប្រជាពលរដ្ឋនៅតែចូលទន្ទ្រានកាន់កាប់ដីរដ្ឋ (ដីឧទ្យានជាតិ ដីគម្របព្រៃឈើ) ដីក្រុមហ៊ុនមានទំហំធំ ពុំបានប្រើប្រាស់ ឬអភិវឌ្ឍន៍ -អាជ្ញាធរភូមិ ឃុំ ចុះហត្ថលេខាលើកិច្ចសន្យាផ្ទេរសិទ្ធិ ពុំបានចុះពិនិត្យទីតាំងច្បាស់លាស់ ធ្វើឲ្យមានការជាន់ដីគ្នា បង្កឲ្យមានទំនាស់ដីធ្លីមានប័ណ្ណកម្មសិទ្ធិរួច ។

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា ការសម្រួលភារកិច្ចរបស់មន្ត្រីមុខងារសាធារណៈ គឺ យោងតាមសំណូមពរការងារចាំបាច់ ដើម្បីបង្កើនប្រសិទ្ធិភាពការងារបំរើជូនប្រជាពល រដ្ឋ  ក្រសួងដែនដីមានភារកិច្ចចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រកបដោយនិរន្តរភាព បង្កើនជីវភាពប្រជាពលរដ្ឋដោយការប្រើប្រាស់ដីដោយស្របច្បាប់ ។ ក្រសួងបានបំពេញភារកិច្ចដោយសហការជាមួយមន្ត្រីជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រោមការដឹកនាំរបស់ឯកឧត្តមក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត បានល្អប្រសើរ ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចយ៉ាងសំខាន់ ការអភិវឌ្ឍន៍មានសន្ទុះលឿន មានឆ្នេរស្អាត ពិសេសបានទទួលពានរង្វាន់ផ្ការំដួល ៣ទង ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងទេសចរណ៍ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ការងារចំពោះមុខ គឺការងារគ្រប់គ្រងដីធ្លី ជាចំណុចគន្លឹះមួយដ៏សំខាន់ដែលប្រជាពលរដ្ឋសាទរ បានកាន់កាប់ដីធ្លីប្រកបដោយស្របច្បាប់ ។ ហើយទិសដៅខាងមុខ គឺយើងដើរឲ្យទាន់ការអភិវឌ្ឍថ្មីរបស់ខេត្ត ដែលមានសំណង់ខ្ពស់ៗរីកដុះដាលយ៉ាងច្រើន អាស្រ័យដោយខេត្តព្រះសីហនុ មានឆ្នេរស្អាត ជាតារារះ នាទិសនិរតី ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា សំណូមពរអាជ្ញាធរខេត្ត បង្កើតគណៈកម្មការរៀបចំត្រួតពិនិត្យតាមលំនៅដ្ឋាន ភោជនីយដ្ឋាន អាហាដ្ឋានទាំងអស់ ត្រូវមានអាងចម្រោះ (អាងប្រតិកម្ម) មុននឹងបង្ហូរទឹកចូលសមុទ្រ ឬលូសាធារណៈ ចំពោះសំណង់ថ្មីត្រូវពិនិត្យឲ្យមានអាងប្រតិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ ដើម្បីរួមចំណែកថែរក្សា សោភណភាព អនាម័យ និងបរិស្ថានល្អ៕ រាយការណ៍​ដោយ​៖(ទុយ​ ហ៊ួត​)ប្រចាំ​ខេត្តព្រះសីហនុ

COLLIMG_1519993332525

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com