ខេត្តព្រះសីហនុ៖ នៅសាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ បើកមហាសន្និបាតភាគហ៊ុនិកលើកទី១ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីម្ចាស់ភាគហ៊ុនិក និងអាជីវក និងមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានប្រសាសន៍ឲ្យដឹងថា ការបើកសន្និបាតភាគហ៊ុនិក និងការបោះឆ្នោត ជ្រើសតាំងអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកប្រកបដោយតម្លាភាពនាពេលនេះ ជាប្រវត្តិសាស្ត្រមួយ ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូល (ITO) រយៈពេល ៦ខែក្រោយ យើងបានរៀបចំសន្និបាតភាគហ៊ុនិកលើកទី១ ដើម្បីបោះឆ្នោតជ្រើសរើសអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន កន្លង មកកំពង់ផែមានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៧នាក់ ដល់ពេលយើងចូលទីផ្សារមូលប័ត្រ គឺយើងត្រូវមានសមាជិក ៧នាក់ដដែល ដូច្នេះយើងដកសមាជិកក្រុមប្រឹក្សាភិបាលចាស់ពីរនាក់ចេញ និងបោះឆ្នោតបញ្ចូលអភិបាលឯករាជ្យ១ ហើយនិងអភិបាលប្រតិបត្តិតំណាងភាគហ៊ុនិក ឯកឧត្ដម លូ គឹមឈន់ បន្តថា អភិបាលឯករាជ្យមានតួនាទីសំ ខាន់ណាស់ តំណាងភាគហ៊ុនរបស់រដ្ឋយើងធំជាងគេ ដូច្នេះសន្និបាតបានបោះឆ្នោតជ្រើសរើសតំណាងប្រធានគណកម្មការត្រួតពិនិត្យសវនកម្មផ្ទៃក្នុង ជាភ្នែកច្រមុះឲ្យរដ្ឋផង និងជាភាគហ៊ុនិក ដោយត្រូវត្រួតពិនិត្យការងារលម្អិត ។
ឯកឧត្ដម លូ គឹមឈន់ បានបញ្ជាក់ថាក្នុងឆ្នាំ២០១៧ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការកើនឡើង ១៥ភាគរយ ដែលមានកំណើនខ្ពស់ យើងបានគិតគូរជាបន្តបន្ទាប់ទី១ យើងបំពាក់នូវគ្រឿងចក្រលើកដាក់បន្ថែមទៀត ដើម្បីឲ្យការលើកដាក់បានរហ័សល្អ តាមស្តង់ដារអន្តរជាតិ នៅពេលបច្ចុប្បន្នកំពុងផែស្វយ័តក្រុងព្រះសីហនុ មានជម្រៅទឹកអាចឲ្យនាវាចូលចត ៩ម៉ែត្រ ដែលមាននាវាក្នុងតំបន់ចូលចតប្រមាណជា ២០ភាគរយ ចូលផែ នៅផែរបស់យើងបាន ឥឡូវនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលជប៉ុន ហើយរដ្ឋាភិបាលជប៉ុនឲ្យកម្ពុជាខ្ចីចំនួន ២០៩លានដុល្លារអាមេរិក បន្ថែមទៀត ដើម្បីសាង សង់ផែទឹកជ្រៅមួយជំហានទៀត កាលណាយើងសាងសង់ផែថ្មីមួយជំហានទៀតនេះ គឺយើងបានធ្វើការតស៊ូមតិគ្នាលើគម្រោងសិក្សាបច្ចេកទេសលម្អិតគ្រប់បែបយ៉ាង និងសេដ្ឋកិច្ចនៅជំវិញតំបន់ទាំង អស់ គឺយើងបានឯកភាពសាងសង់កំពង់ផែថ្មីមួយទៀតដែលមានជម្រៅទឹក ១៤,៥០ម៉ែត្រ ដែលអាចអនុញ្ញាតិឱ្យនាវាមានជម្រៅទឹក ១៣,២០ម៉ែត្រ ចូលចតបាន ពេលនោះយើងលែងមានឧបសគ្គទៀតហើយ គឺនាវា ៩៣ភាគរយ នៅក្នុងតំបន់អាចចូលចតនៅកំពង់ ផែរបស់យើងបាន គឺនៅមានការពាក់ព័ន្ធនឹងមាឌដ្ឋានសេដ្ឋកិច្ចជាតិយើង ហើយចំនួនកុងតឺន័រឡើងដល់កម្រិតមួយ ដែលនាវាធំៗចូលបាន ។
តាមការសិក្សានៅពេលដែលយើងធ្វើកំពង់ផែនេះរួច កុង តឺន័ររបស់យើងនឹងឡើងដល់កម្រិត ដែលនាវាធុនធំចូលចតបាន ធ្វើឲ្យថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រមានការចុះថោក តំលៃដឹកជញ្ជូនតាមផ្លូវសមុទ្រ វាថ្លៃជាងតំលៃក្នុងប្រទេស ។
(ឧទាហរណ៍)ជាមធ្យមតំលៃដឹកជញ្ជូនតាមសមុទ្រជាមធ្យមពី ៥០០ ឬ៦០០ដុល្លារ ក៍ប៉ុន្តែតម្លៃដឹកជញ្ជូនក្នុងស្រុកពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅភ្នំពេញតំលៃ ១៨០ដុល្លា បើតំលៃដឹកជញ្ជូនតាមផ្លូវសមុទ្រ ៦០០ដុល្លា ចុះមកនៅត្រឹមតែ ២០០ ទៅ ៣០០ដុល្លារវិញនោះ ធ្វើឲ្យសេដ្ឋកិច្ចជាតិយើង ពាណិជ្ជកម្មក្នុងស្រុកមានលក្ខណៈកាន់តែប្រកួតប្រជែងឡើង តាមរយៈការសាងសង់ផែថ្មីនេះ យើងលែងមានឧបសគ្គផ្នែកហ្នឹងទៀតហើយ យើងនៅសល់តែកំណើនសេដ្ឋកិច្ច កាលណាកំណើនសេដ្ឋកិច្ចរបស់យើងកើនឡើងបន្ថែមទៀត ។
នៅឆ្នាំ២០២២ ការសាងសង់ផែរបស់យើងរួចរាល់ ចំនួនកុងតឺន័ររបស់យើងនឹងកើន ឡើងប្រមាណលើសពី ៧០០ពាន់កុងតឺន័រ នាវាធុនធំអាចចូលចតបានតាមលក្ខណៈស្តង់ដាគុណភាព តំលៃដឹកជញ្ជូនតាមផ្លូវសមុទ្រនិងអាចមានលក្ខណៈល្អដូចប្រទេសនៅជុំវិញយើង ៕ រាយការណ៍ដោយ៖(ទុយ ហ៊ួត)ប្រចាំខេត្តព្រះសីហនុ