ខេត្តកណ្តាលៈ ផ្លូវលំ៥ខ្សែ នៅឃុំចំនួន៣ ក្នុងស្រុកស្អាង ត្រូវបានក្រុមហ៊ុន លាងសុប្ផា ដេញថ្លៃបានក្នុងការស្ថាបនា ប៉ុន្តែរយៈពេលជិតមួយឆ្នាំហើយ មិនឃើញក្រុមហ៊ុនធ្វើការស្ថាបនាតាមគម្រោងនោះទេ ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរជម្រុញដល់ក្រុមហ៊ុនជួយស្ថាបនាឱ្យបានឆាប់ ព្រោះបច្ចុប្បន្ន ពួកគាត់មានការលំបាក់ក្នុងការធ្វើដំណើរខ្លាំងណាស់ ។
ប្រជាពលរដ្ឋនិយាយថា ផ្លូវលំទាំងប្រាំខ្សែនេះ ក្រុមហ៊ុនបានដេញថ្លៃតាំងពីខែឧសភា ឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្នគឺជិតមួយឆ្នាំហើយ ក្រុមហ៊ុនបានត្រឹមតែមកវាស់វែងហើយទុកចោល ។ ប្រជាពលរដ្ឋនិយាយទៀតថា ពួកគាត់ពិបាកធ្វើដំណើរខ្លាំងណាស់ក្នុងរដូវវស្សា ដោយសារផ្លូវមានផុករអិលកុំថាឡើយជិះកង់ម៉ូតូ សូម្បីតែដើរក៏ពិបាកដែរ ។ មិនតែប៉ុណ្ណោះ ពេលភ្លៀងម្តងៗ ស្របពេលដែលទឹកបឹងកំពុងឡើងផង ផ្លូវលំនៅក្នុងភូមិពួកគាត់ក៏ត្រូវបានលិចលង់ថែមទៀត ។ មូលហេតុនេះហើយ ទើបពួកគាត់ទទូចស្នើសុំដល់អាជ្ញាធរ ធ្វើយ៉ាងណាជម្រុញពន្លឿនឲ្យក្រុមហ៊ុនស្ថាបនាផ្លូវទាំងប្រាំខ្សែនេះ ។
ទាក់ទងនឹងគម្រោងផ្លូវលំទាំងប្រាំខ្សែនេះ លោក ប៉ុល រស្មី ប្រធានការិល័យសម្របសម្រួលគាំទ្រឃុំ បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា គម្រោងទាំងនេះ ក្រុមហ៊ុនលាងសុប្ផាជាដេញថ្លៃបាន ហើយការពន្យាពេលដល់បច្ចុប្បន្នដោយសារអត់មានអាចម៌ដី ទើបក្រុមហ៊ុនសុំពន្យាពេល ហើយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងអនុវត្តគម្រោងផ្លូវលំមួយខ្សែនៅឃុំព្រែកអំបិល ។
លោកបានបន្តថា បន្ទាប់ពីបញ្ចប់គម្រោងនៅឃុំព្រែកអំបិលហើយ ក្រុមហ៊ុននឹងបន្តមកអនុវត្តនៅឃុំស្អាងភ្នំ ឃុំព្រែកគយ និង ឃុំត្រើយស្លា ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែមិនមានជំនឿទុកចិត្តលើក្រុមហ៊ុន លាង សុប្ផានេះដដែល ដោយសារក្រុមហ៊ុននេះ មានការយឺតយ៉ាវក្នុងស្ថាបនាផ្លូវដែលជាគម្រោងរបស់ខ្លួនបានដេញថ្លៃបាន ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋនៅចាំសង្កេតមើលថា តើក្រុមហ៊ុនអនុវត្តបានឆាប់រហ័ស ហើយត្រឹមត្រូវតាមស្តង់ដានៅក្នុងកិច្ចសន្យាយ៉ាងណានោះ ៕