ខេត្តព្រះសីហនុ៖ លោកស្រី សុខ សុភាព និងលោក សុខ ចាន់ណារិទ្ធ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ បានលើកឡើងថា កងយោធាមួយក្រុមប្រដាប់ដោយអាវុធអាកា(AK)ស្វ័យវែងដឹកនាំកំលាំងយកគ្រឿងចក្រ(អេស្កាវ៉ាទ័រ)យកទៅកាយព្រំប៉ះចូលដីរបស់ពួកគាត់ដែលមានទីតាំងស្ថិតនៅចំណុចខាងកើតរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកស្រី សុខ សុភាព និងលោក សុខ ចាន់ណារិទ្ធ បានអះអាងថា ដីចំណុចខាងលើនេះពួកគាត់បានទិញពីប្រជាពលរដ្ឋ និងទាហ៊ាននៅអំឡុងឆ្នាំ២០០៣មានទំហំ៥៥ហិចតា និងបានដាំដំណាំនៅលើដីនោះថែមទៀតផង។ ជាងនេះទៅទៀត គាត់ទាំងពីរនាក់ប្តីប្រពន្ធមានសាលក្រមលេខ៩៦ ថ្ងៃប្រកាសសាលក្រមចុះថ្ងៃទី១៣ ខែ៩ ឆ្នាំ២០០៧ ដែលភាគីដើមចោទលោក សុខ ចាន់ណារិទ្ធ ប្តឹងសុំឲ្យតុលាកាចេញសាលក្រមមោឃភាពកិច្ចសន្យាលក់-ទិញដីចុះថ្ងៃទី១៤/៩/២០០៣និងចុះថ្ងៃទី០៤/១២/២០០៣ដែលចុងចោទលោក យឹម សុផាត និងលោកស្រី គង់ ផល្គុណ (ប្តី ប្រពន្ធ)មានទីលំនៅ ភ្នំពេញ ប្រគល់ដីតាមកិច្ចសន្យាលក់ដីចុះថ្ងៃទី០៤/១២/២០០៣ឲ្យទៅលោក សុខ ចាន់ណារិទ្ធ និងប្រពន្ធលោកស្រី សុខ សុភាព គ្រប់គ្រងចាត់ចែង និងអាស្រ័យផលចាប់ពីសាលក្រមនេះចូលជាស្ថាពរ។
លោក សុខ ចាន់ណារិទ្ធ និងភរិយាលោកស្រី សុខ សុភាព ថា ស្រាប់តែនៅថ្ងៃ២៨-២៩ ខែ០៣ ឆ្នាំ២០១៨ កន្លងទៅនេះមានក្រុមយោធាខាងលើមកកាយព្រំហ៊ំព័ទយកដីរបស់គាត់ រូបគាត់ក៏បានចុះទៅឃាត់ក៏បានផ្អាក។ ប៉ុន្តែស្រាប់តែនៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៨នេះកងទ័ពប្រដាប់ដោយអាវុធអាកា(AK)ទាំងនោះបានយកគ្រឿងចក្រមកកាយព្រំ កំទេចរបង បំផ្លាញដំណាំស្វាយគាត់ខ្ទេចខ្ទីអស់គ្មានសេសសល់នោះឡើយ។
ដោយឡែកភាគីម្ខាងទៀតដែលប្រជាពលរដ្ឋស្គាល់ថាឈ្មោះ ទី មានទីលំនៅក្រុងព្រះសីហនុនៅលើទីតាំងដីទំនាស់បានអះអាងថា ដីលោកបានទិញពីឈ្មោះ អ៊ំ សំអុល ហៅ អឿ ក្នុងអំឡុងឆ្នាំ២០០៦ និងមានឯកសារ ពេវេ (PV)។
ចំណែកអ្នកស្រីម្នាក់ដែលហៅទូរស័ព្ទមកភ្នាក់យើងបាននិយាយថា បើអ្នកកាសែតចង់ចុះផ្សាយសូមចុះឲ្យបានត្រឹមត្រូវព្រោះគាត់ទិញមានឯកសារច្បាស់លាស់ បើចង់បានសូមមកយកនៅផ្ទះអ្នកស្រីនៅឧត្តុនិយម ក្រុងព្រះសីហនុ។
ក្រោយពេលភ្នាក់ងារសាព័ត៌មានត្រឡប់មកពីផ្តិតយករូបភាពនៅកន្លែងកើតហេតុក៏ហៅទូរស័ព្ទទៅអ្នកស្រីវិញ គាត់និយាយថា បើចង់បានឯកសារទៅទាក់ទងនៅសាលាស្រុកទៅព្រោះមានតំកល់នៅស្រុកហើយ។ ជាងនេះទៅទៀតនោះអ្នកស្រីបានព្រមានអ្នកសាព័ត៌មានថាបើចុះមិនត្រឹមត្រូវអ្នកស្រីនិងប្តឹងអ្នកកាសែតទាំងនោះផងដែរ។
ទាក់ទងនិងបញ្ហានេះ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ថ្លែងប្រាប់ព័ត៌មានយើងថា ចំពោះរឿងដីទាំងនេះលោកមិនទាន់បាននៅឡើង ដោយសារមិនបានទទួលបណ្ដឹងពីពលរដ្ឋ និងលោក មេឃុំនោះទេ តែលោកក៏អរគុណចំពោះអ្នកសារព័ត៌មានដែលបានជូនជាដំណឹងដល់លោក លោកនិងចាត់កម្លាំងក្រុមការងាររបស់លោកចុះទៅពិនិត្យមើល។
លោក សុខ ចាន់ណារិទ្ធ និងភរិយាលោកស្រី សុខ សុភាព សូមអំពាវនាវយ៉ាង ទទូច ដល់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រានី ហ៊ុន សែន មេតាជួយរកភាពយុតិធម៌ដល់ពួកគាត់ដែលត្រូវគេហ៊ំព័ទរំលោភបំពានយកដីម្តងហើយម្តងទៀតឥតឈប់ឈរនេះផង៕ រាយការណ៍ដោយ៖(ទុយ ហ៊ួត)ប្រចាំខេត្តព្រះសីហនុ