ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បន្តដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ចុះសំអាតរថយន្តកុងតឺន័រដែលនៅតែលបលួចចតអនាធិបតេយ្យតាមដងផ្លូវនៅចំណុចមុខកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលតែងបង្កការកកស្ទះជារាល់ថ្ងៃ។
ជាក់ស្ដែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើតខែចេត្រឆ្នាំច ត្រូវនឹងថ្ងៃទី១៩ខែមេសាឆ្នាំ២០១៨ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ រួមមាន នគរបាលចរាចរណ៍ អាវុធហត្ថ មន្ទីរបរិស្ថាន ប្រធានមន្ទីរសាធារណការ និងប្រធានមន្ទីព័ត៌មានខេត្ត បានចុះសំអាតរថយន្ត កុងតឺន័រ ដែលនៅតែលបលួចចតយ៉ាងអនាធិបតេយ្យតាមដងផ្លូវដែលបង្កការកកស្ទះរាល់ថ្ងៃនៅចំណុចមុខកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។
ក្នុងប្រតិបត្តិការនេះដែរ លោក ជាវ វិជ្ជាក់ មានប្រសាសន៍ថា៖ ក្នុងប្រតិបត្តិការនេះ បានចាប់រថយន្តកុងតឺន័រតាមដងផ្លូវត្រៀមចូលដឹកទំនិញក្នុងកំពង់ផែបានចំនួន៤គ្រឿងយកទៅរក្សាទុកដើម្បីចាត់ការតាមនិតីវិធី។
បើតាមលោក អីុ សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានថ្លែងថា ចំពោះការឃាត់រថយន្តធុនធំប្រភេទកុងតឺន័រនេះ លោកតែងតែធ្វើការ ផ្សព្វផ្សាយប្រាប់ដូចភ្លៀងរលឹម លោកបានចុះណែនាំជាច្រើនលើកច្រើនសាណាស់មកហើយ តែនៅតែមានរថយន្តមួយចំនួនគាត់នៅតែបន្តចតនៅកន្លែងដែលមានស្លាកសញ្ញាហាមឃាត់ទាំងនេះ បង្កផលប៉ះពាល់ដដែលជាដដែល។
ចំណែកឯប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូន លោក ណុប ហេង បានផ្ដល់បទសម្ភាសន៍ ប្រាប់សារព័ត៌មានថា ការបង្កភាពអនាធិបតេយ្យរបស់រថយន្តធំៗ ពិសេសរថយន្តកុងតឺន័រនេះ តែម្ដង ការចតបែបនេះ វាបានធ្វើឲ្យដងផ្លូវចំណុចនេះមានការរួមតូចចង្អៀត ហើយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិង ភ្ញៀវទេសចរណ៍ផងពិបាក ព្រោះបង្កការកកស្ទះ។
ទោះជាយ៉ាងណា ក្រុមការងារនេះបានធ្វើការប្តេជ្ញាចិត្តថា នឹងបន្តធ្វើការងារអោយបានដូចភ្លៀងរលឹមបន្ថែមទៀតដើម្បីបញ្ចៀសការកកស្ទះផង និងបង្កគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងមកពីការចកធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សារធារណៈក្នុងក្រុង-ខេត្តព្រះសីហនុនេះ៕ រាយការណ៍ដោយ៖(ទុយ ហ៊ួត)ប្រចាំខេត្តព្រះសីហនុ