ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋមួយគ្រួសារ បានកើតទុក្ខ មិនសុខចិត្ត ពីការបាត់បង់ដី មួយកន្លែងស្ថិតនៅ ស្ថិតក្នុងភូមិលេខ ០១ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៨ នេះ ។
លោក ញ៉ក់ គឹមតុង បាននិយាយថា ដីរបស់លោក មានទំហំដី ទទឹង ២០ ម៉ែត្រ បណ្តោយ ៦០ ម៉ែត្រ ដែលបានចាប់យកតាំងពីឆ្នាំ ២០០០ ហើយបានធ្វើរបងឥដ្ឋ ខាន់ព្រំ ជាប់ជាមួយ លោក ខូវ ផល្លាបុត្រ ។ លោកថា កាលពី ឆ្នាំមុន ឯកឧត្តម ស៊ុន ចាន់ថុល តាមរយៈលោក ឧកញ៉ា ទ្រី ភាព បានមកចចារសុំ ទិញ២ដងក្នុងតំលៃមួយ តែលោកព្រមលក់ក្នុងតំលៃ ៥០ម៉ឺនដុល្លា រហូតលោកឡើង ដល់ ៩០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ព្រោះដីចេះតែឡើងថ្លៃ ពិសេសក្រោយពីសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី បានកាត់ខ្វៀលដី ចែកជួនប្រជាពលរដ្ឋ រស់នៅជាក់ ស្តែងនោះមក ។
លោក ញ៉ក់ គឹមតុង បាននិយាយថា រឿងឡើងដល់កំរិតរំលោភយកទាំងស្រុងនោះ គឺមានបន្ទាប់ ពីមានការផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តព្រះសីហនុ ចាស់ ដាក់ប្រធានថ្មី លោក ចេង ស្រុង នេះតែម្តង ពិសេសនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៨ លោកចេង ស្រុង ក៏បានចេញវិញ្ញាបនបត្រ សំគាល់អចលនវត្ថុ ហៅថាប្លង់រឹង ជូនឯកឧត្តម ស៊ុន ចាន់ថុល ធ្វើអោយលោកស្រឡាំងកាំង ។
មានសំណួរជាច្រើនដែលក្រុមការងារវេបសាយទូរទស្សន៍ ព្រះនរាយណ៍ បានទាក់ទងទៅមន្រ្តីពាក់ព័ន្ធនានា គឺត្រូវបានគេរុញទៅអោយសាលាខេត្តទាំងអស់និងដឹងអ្វីដែលហៅគ្រាន់បានដឹងប៉ុណ្ណោះ ក្នុងនោះមានលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បាននិយាយថារឿងនេះ ខ្ញុំបានដឹងពីរចំណុចដូចខាងក្រោម ៖ទី១ ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានប្រាប់ខ្ញុំថ្មីៗ នេះថា ដីនេះជាដីគាត់ និងគាត់គ្រប់គ្រងយូរហើយ។ទី២ ដីនេះគាត់មានប័ណ្ណកម្មសិទ្ធិរួចហើយ ហើយខ្ញំក៏ឃើញប័ណ្ណនោះមានឈ្មោះ ឯកឧត្តម ស៊ុន ចាន់ថុល ជាម្ចាស់កម្មសិទ្ធិមែន។ខ្ញុំទទួលព័ត៌មានបានប៉ុណ្ណឹងបង។
ដោយឡែកលោក លី ចិត្ត និយម ប្រធានការិយាល័យសំណង់ និង លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានឆ្លើយបដិសេធថាភ្លេចអស់ហើយពីរឿងក្រុមអន្តរវិស័យខេត្តព្រះសីហនុបានចុះធ្វើកំណត់ហេតុពីការកំណត់និយាមកាមផ្លូវ ដែលមានទទឹង ១២ម៉ែត្រ ស្ថិតនៅតំបន់អភិវឌ្ឍន៍ពយកំពេញ ស្ថិតនៅភូមិ ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២១០៨ ដែលមានសមាសភាព ៩រូប ក្នុងនោះ មានម្ចាស់ដី លោក ញ៉ក់ គឹមតុង ១០៣៥ និង ម្ចាស់ដី គឹម ធុច ១០៣៧ ក្នុងការឯកភាពអោយរដ្ឋបាលខេត្តព្រះសីហនុពង្រីកផ្លូវអោយបានទំហំទទឹង ១២ម៉ែត្រ បានន័យថាម្ចាស់ភាគីទាំង២ ខាងលើយល់ព្រមប្រគល់ដីទទឹងក្នុងម្នាក់ ២ម៉ែត្រ ទៅអោយរដ្ឋខេត្តក្នុងការពង្រីកផ្លូវចូលទៅសមុទ្រ។ក្នុងមន្រ្តីទាំងអស់ មានតែលោក សួន សូនី ជាអនុភូមិ១ សង្កាត់លេខ៣ បាននិយាយត្រង់ថា ថ្ងៃនោះលោក និង មន្រ្តីឯទៀត រួមនឹងម្ចាស់ដី បានចូលរួមធ្វើកំណត់ហេតុពីការធ្វើនិយាមការធ្វើផ្លូវនោះ ។
ដូច្នេះតាំងពីដើមរៀងមក ប្រសិនបើ ឯកឧត្តម ស៊ុនចាន់ថុន ដូច ដែលអ្វី លោក អ៊ី សុខឡេង បានបញ្ជាក់ថា ឯកឧត្តម ស៊ុន ចាន់ថុល ជាម្ចាស់លើដីនេះយូរមកហើយនោះ ម្តេចក្រុមការងាររបស់សាលាខេត្តព្រះសីហនុ មិនព្រមទាក់ទងឯកឧត្តម ស៊ុន ចាន់ថុល សុំដីដើម្បីពង្រីកផ្លូវ? ។ ស្ថិត លើភាពជាក់ស្តែង ដែលក្រុមគណៈកម្មការចំរុះខេត្តព្រះសីហនុ កាលពីនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៨មកនេះ បានចុះពង្រីកផ្លូវ ហើយ ទូរទស្សន៍អប្សរា បានយកមកចាក់ផ្សាយនិងបាននិយាយពេញៗ មាត់ថាម្ចាស់ដីលោក ញ៉ក់ គឹមតុង មានការសប្បាយចិត្ត ចំពោះការពង្រីកផ្លូវនេះ ។
លោក ញ៉ក់ គឹមតុង បាននិយាយថា ដីកំពុងមានទំនាស់ ហេតុដូចម្តេច ខាងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី លោក ចេង ស្រុង ប្រញាប់ដល់ម្លឹងក្នុងការចេញប្លង់រឹង ទៅអោយឯកឧត្តម ស៊ុន ចាន់ថុល ដែលចុះថ្ងៃទី២៤ ខែមេសា ។ លើករណីនេះ លោក នឹងរៀបចំឯកសារប្តឹងទៅតុលាការ ខេត្តព្រះសីហនុ អោយរកយុត្តិធម៌ ។
ដោយឡែកទាក់ទងសំណង់របស់ឯកឧត្តម ស៊ុន ចាន់ថុល ដែលកំពុងធ្វើការសាងសង់ដ៏ធំមហិមាមួយ នៅជាប់មាត់សមុទ្រ ដែលនៅជាប់ដីកំពុងមានទំនាស់នោះ គឺល្បីថាគ្មានច្បាប់នោះទេ សូម្បីលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បាននិយាយថា តាមតែខ្ញុំដឹងឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានអនុញ្ញាតិឲ្យគាត់សាងសង់ហើយ ដូច្នេះខ្ញុំគ្មានយោបល់ទៀតទេ។ ចឹងបានន័យថា សាលាក្រុង រឺសាលាខេត្ត គ្មានចេញបានលិខិតអនុញ្ញាតិ អោយឯកឧត្តម ស៊ុន ចាន់ថុល សង់សំណង់នោះទេ ។
ទាក់ទងនឹងបញ្ហា ឯកឧត្តម ស៊ុន ចាន់ថុល នេះក្រុមការងារយើង មិនអាចរកការបំភ្លឺបានទេ រហូតដល់រសៀលថ្ងៃទី ២៩ ខែ មេសា នេះ ។
សូមរំលឹកថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំ ណាស់ក្នុងទំរង់ទិស អោយមន្រ្តីទាំងអស់គោរពច្បាប់ បំរើប្រជាពលរដ្ឋដោយស្មោះត្រង់ តែមិនចឹងឯណាម្នាក់ៗ បានតំណែង និង បានអំណាចនៅនឹងដៃហើយ ធ្វើអីស្រេចនឹងចិត្ត រហូតសម្តេចប្រកាសរូបមន្ត វះកាត់ មួយទៀតដើម្បីគំរាមដល់មន្រ្តីទាំងអស់ កុំអោយធ្វើផ្តេសផ្តាស់ ដែលនាំដល់ ភាពអាម៉ាស់ មកលើរាជរដ្ឋាភិបាល ក៏ដូចគណៈបក្សប្រជាជនកម្ពុជា បានន័យថា មន្រ្តីធ្វើអាក្រក់ ប្រជាជនទំលាក់កំហុស តែមកលើរាជរដ្ឋាភិបាល ប៉ុណ្ណោះ ៕