ខេត្តព្រះសីហនុ៖ ឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃច័ន្ទ ១រោជ ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ អញ្ជើញជាអធិបតី ក្នុងឱកាស ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ មកពី ៤សង្កាត់ ក្នុងនោះមានសង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤ក្រុង.ខេត្តព្រះសីហនុ ។
ឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាល និងពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុកបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរាគ្នានទីពឹង ស្ត្រីម៉េម៉ាយ កុមារងាយរងគ្រោះ ដោយមិនប្រកាន់និន្នាកា ជាតិសាសន៍ ។
លោកអភិបាលខេត្តក៏បានណែនាំប្រជាពលរដ្ឋចូលរួមគោលនយោបាយ ៩ចំណុច របស់រាជរដ្ឋាភិបាល ១.ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ២. ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ៣.គោរពច្បាប់ចរាចរណ៍ ៤.ក្រុមបងតូច បងធំ ៥.ការចាប់កាប់ទន្ទ្រាដីរបស់រដ្ឋ ចូលរួមការពារទ្រព្យសម្បត្តិរដ្ឋទាំងអស់គ្នា ដើម្បីការក៍សាង និងអភិវឌ្ឍន៍។
លោកអភិបាលខេត្តសំណូមពរប្រជាពលរដ្ឋស្រឡាញ់សន្តិភាព យើងត្រូវចូលរួមថែរក្សាសន្តិភាពដែលយើងមានសព្វថ្ងៃនេះ កាលណាមានសន្តិភាពធ្វើឲ្យយើងមានជីវភាពកាន់តែប្រសើរ មានផ្លូវ មានសាលា រៀន និងហេដ្ឋារចនាសម្ព័ន្ធនានា មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ពិសេសខេត្តព្រះសីហនុ ។
ឯកឧត្ដម យន្ត មីន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនកោះពស់ (ខេមបូឌា) អិនវេសមែន អ៊ិលធីឌី បានជួយសហការរួមចំណែកជួយកិច្ចការងារសង្គមក្នុងខេត្តព្រះសីហនុ ជាពិសេសបានឧបត្ថម្ភ អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេលនេះ សូមបន្តចែករំលែកសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត គឺជាសិល្បៈនៃការចែករំលែក និងជួយយកអាសារគ្នាគ្រប់កាលៈទេសៈ ។
អំណោយឧបត្ថមរបស់ក្រុមហ៊ុនកោះពស់ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ភួយ០១ កន្សែង០១ និងថវិកា ២០,០០០រៀល៕ រាយការណ៍ដោយ៖(ទុយ ហ៊ួត)ប្រចាំខេត្តព្រះសីហនុ